ភ្នំពេញ ៖ ក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូផ្សព្វផ្សាយពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ជូនដល់ស្ថានតំណាងកម្ពុជា នៅបរទេស នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា ការប្រកាសឱ្យប្រើច្បាប់វិនិយោគថ្មី នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ មានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការស្ដារឡើងវិញ នូវសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យកម្ពុជា ក្លាយជាទិសដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផល ដែលអាចទាក់ទាញ និងជំរុញការវិនិយោគនៅកម្ពុជាឱ្យមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ច្បាប់វិនិយោគថ្មីនេះ ដែលមានលក្ខណៈបើកចំហ តម្លាភាព និងគតិយុត្ត នឹងទាក់ទាញរំហូរវិនិយោគផ្ទាល់ពីបរទេស , បង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ព្រមទាំងពង្រឹងការតភ្ជាប់ ឧស្សាហកម្មកម្ពុជាទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់ និងសកលលោក។
គួររំលឹកថា កន្លងមក បច្ច័យអវិជ្ជមាន ដែលកើតចេញពីវិបត្តិកូវីដ-១៩ និងសង្រ្គាមពាណិជ្ជកម្ម បានធ្វើឱ្យសេដ្ឋកិច្ចសាកល និងរំហូរវិនិយោគផ្ទាល់ពីបរទេស ទូទាំងពិភពលោក មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ព្រមទាំងការប្រកួតប្រជែងអំណាចរបស់មហាអំណាច ក៏បានធ្វើឱ្យប្រែប្រួលសណ្តាប់ធ្នាប់អន្តរជាតិ និងបានដាក់សម្ពាធដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ធ្វើឱ្យប៉ះពាល់ដល់មជ្ឈភាព សាមគ្គីភាពអាស៊ាន និងទំនាក់ទំនងរបស់អង្គការតំបន់ជាមួយដៃគូខាងក្រៅ។

ស្ដីពីច្បាប់វិនិយោគថ្មីនេះទៀតសោត ត្រូវបានតាក់តែងឡើងតាមការចង្អុលបង្ហាញ របស់គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា និងបានឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងម៉ត់ចត់ ដោយក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ រហូតបានបញ្ចប់នៅក្នុងឆ្នាំ២០១៩ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ការតាក់តែងច្បាប់វិនិយោគថ្មីនេះ ក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀតជាច្រើនលើកច្រើនសារ ជាពិសេសជាមួយនឹងក្រុមការងារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដែលប្រកបដោយលក្ខខណ្ឌល្អ សម្រាប់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









