Wednesday, March 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១៥ឆ្នាំ កម្ពុជាបញ្ជូនទ័ពមួកខៀវ ៧៨២៦នាក់ ចូលរួមបេសកម្ម UN

ភ្នំពេញ ៖ ជាការឆ្លើយតប ទៅនឹងការអំពាវនាវ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កម្ពុជាបានបញ្ជូន កងទ័ពមួកខៀវទៅបំពេញបេសកកម្ម។

ក្នុងរយៈពេល១៥ឆ្នាំមកនេះ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សរុបចំនួន៧៨២៦នាក់ ក្នុងនោះមានកម្លាំងនារីចំនួន ៤៩៤នាក់ ចូលរួមបេសកកម្មអង្គការសហប្រជាជាតិ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់, ឆាដ, ស៊ូដង់ខាងត្បូង, លីបង់, សាយប្រឹស, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល និងយេមែន។

ដែលបច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជាប្រមាណ៨០០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេស ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។ នេះជាការបញ្ជាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីរសៀលម្សិលមិញ នៅទីស្តីការមជ្ឈមណ្ឌលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងថា ប្រទេសកម្ពុជាបន្តឈររឹងមាំ ក្នុងការរក្សាបាននូវភាពស្អាតស្អំ និងកេរ្តិ៍ឈ្មោះល្អ ជាប្រទេសមួយក្នុងចំណោម១៤ប្រទេសលើបណ្តា១២២ប្រទេស បរិច្ចាគកងកម្លាំង ដែលមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សានិងការជួញដូរផ្លូវភេទ។ កម្លាំងយុទ្ធនារី នាឆ្នាំ២០២១នេះ បានទទួលលំដាប់លេខ១៣ លើ១២២ប្រទេសបរិច្ចាគកម្លាំង និងលេខ២ក្នុងប្រទេសជាសមាជិកអាស៊ាន។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ដោយសារគុណតម្លៃនៃសន្តិភាព ដែលកម្ពុជាទទួលបានដោយលំបាក និងបានធ្វើឱ្យប្រទេសជាតិ មានការរីកចំរើន នៅលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានរុញឱ្យកម្ពុជាខិតខំអភិវឌ្ឍន ក្លាយជាប្រទេសមួយ ដែលបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងបុព្វហេតុសន្តិភាពពិភពលោក។

កម្ពុជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានប្រែក្លាយពីប្រទេសធ្លាប់ទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេស ដែលមានលទ្ធភាពបញ្ជូនកងកម្លាំង ជាបន្តបន្ទាប់ចូលរួមបេសកកម្ម ថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ដែលកំពុងជួបប្រទះនឹងវិបត្តិនៃភ្លើងសង្គ្រាម៕ រក្សាសិទ្ធិដោយ ៖ កូលាប

×