ភ្នំពេញ៖ សាធារណរដ្ឋបារាំង បានផ្តល់ឥណទានសម្បទានបន្ថែមជាង ២៣លានដុល្លារ សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្ម នៅកម្ពុជា ដំណាក់កាលទី១ មានទឹកប្រាក់ចំនួន ២០លានអឺរ៉ូ គឺប្រមាណ ២៣,១៣លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានបន្ទាន់ដល់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក FABRICE Έtienne លេខាទី១ ស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Oph–lie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference (VC) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ០២។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានខាងលើនេះ បានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាពក្នុងការរួមចំណែកការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវិដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
ប្រព័ន្ធធារាសាស្រ្ត នឹងត្រូវស្តារឡើងវិញ មានដូចជា ស្តារឡើងវិញនូវទំនប់អាងស្តុកទឹក ចំនួន ០២ កន្លែង ក្នុងខេត្តបាត់ដំបង គឺ (១)-ទំនប់សណ្តរអាងទឹកកំពីងពួយ ក្នុងស្រុកបាណន់ និង (២)-ទំនប់អាងទឹកភាសន៍ ក្នុងស្រុកឯកភ្នំ និងស្តារឡើងវិញនូវទំនប់អាងស្តុកទឹក ចំនួន ០៧ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះក៏មានគម្រោង ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ ចំនួន ០៨ កន្លែង ក្នុងខេត្តបាត់ដំបង និងស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ ចំនួន ០២ កន្លែង ក្នុងខេត្តបន្ទាយមានជ័យ៕