Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥ឆ្នាំចុងក្រោយ ពលរដ្ឋខេត្តបន្ទាយមានជ័យ រងគ្រោះដោយគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះ ចំនួន២០ករណី ស្លា.ប់៦នាក់ របួសធ្ងន់ស្រាលចំនួន១៥នាក់

ខេត្តបន្ទាយមានជ័យ ៖ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា រយៈពេល៥ឆ្នាំចុងក្រោយ នៅខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះ ចំនួន២០ករណី ស្លា.ប់៦នាក់ របួសធ្ងន់ស្រាលចំនួន១៥នាក់ ខូចខាតគ្រឿងចក្រ២គ្រឿង ងា.ប់គោ២ក្បាល ។

ផ្ទាំងប៉ាណូអប់រំយល់ដឹងអំពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា អមដំណើរដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ តម្លើង នៅរង្វង់មូលចូលច្រកតំបន់បឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ខេត្តបន្ទាយមានជ័យបានបន្សល់ទុកកាកសំណល់គ្រឿងផ្ទុះ ពីសម័យសង្គ្រាម បើតាមការស្រាវជ្រាវទិន្នន័យចំការមីនមូលដ្ឋាន (Baseline Surver) របស់ថ្នាក់ជាតិ ដែលបានបង្ហាញឲ្យឃើញថា ខេត្តបន្ទាយមានជ័យ មានផ្ទៃដីប្រមាណជាង ២៥,០០០ហិកតា ត្រូវបានសង្ស័យមានគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាបន្ទុកមួយដ៏ធំ បណ្តាលប្រជាពលរដ្ឋស្លា.ប់ និងរបួស និងពិការដៃជើងរហូតបច្ចុប្បន្ននេះ ។

លោកបានបញ្ជាក់ថា រយៈពេល៥ឆ្នាំចុងក្រោយ មានប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះ មានចំនួន២០ករណី មានប្រជាពលរដ្ឋរងរបួសចំនួន២១នាក់ ស្រី០៤នាក់ ក្នុងនោះស្លា.ប់៦នាក់ របួសធ្ងន់ស្រាលចំនួន១៥នាក់ ខូចខាតគ្រឿងចក្រ២គ្រឿង ងាប់គោ២ក្បាល មានស្រុកអូរជ្រៅ៦ករណី ស្រុកថ្មពួក៤ករណី ស្រុកស្វាយចេក៤ករណី ក្រុងប៉ោយប៉ែត២ករណី ស្រុកព្រះនេត្រព្រះ១ករណី ស្រុកម៉ាឡៃ២ករណី ស្រុកភ្នំស្រុក១ករណី។

ថ្លែងក្នុងឱកាសនោះឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា អ្នករងគ្រោះដោយគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះមានចំនួន៨,៨៦៦នាក់ស្មើ១៤% ទូទាំងប្រទេសកម្ពុជា ហើយមានអ្នករងគ្រោះដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឃុំគោករមៀត ស្រុកថ្មពួកចំនួន៣៩៦នាក់ ទើបអាជ្ញាធរមីនកម្ពុជា បានតម្លើងផ្ទាំងប៉ាណូអប់រំយល់ដឹង អំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ នៅរង្វង់មូលផ្លូវចូលច្រកតំបន់ព្រំដែនបឹងត្រកួន​ដែលស្ថិតក្នុងភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋ ដែលបានចូលរួមលើកប៉ាណូ ដែលខ្លឹមសារអប់រំណែនាំឲ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយគ្រឿងផ្ទុះ ឲ្យប្រជាពលរដ្ឋបានដឹងនិងចូលរួមការពារ ហើយឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ត្រូវរាយជូនអង្គភាពស៊ីម៉ាក់ ហាឡូត្រាស់ និងអាជ្ញាធរ សមត្ថកិច្ចនៅក្បែរទៅទទួលយកមកកម្ទេចចោល។ ប្រទេសមានសុខសន្តិភាព និងអភិវឌ្ឍន៍គ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×