ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយច្បាប់ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជម្រាបជូន ប្រធានមន្ទីរអប់រំរាជធានី-ខេត្ត និងណែនាំដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅគ្រប់កម្រិត ដោយបញ្ជាក់ថា សូមធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្ស តែម្តងគត់បានហើយ, គឺត្រួតពិនិត្យនៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រះស្ថានអប់រំបើកដំណើរការ។

ក្រសួងអប់រំបានលើកឡើងថា បន្ទាប់ពីបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១រួចមក ក្រសួង សង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន បានតម្រូវឱ្យសិស្សានុសិស្ស ដាក់តាមខ្លួននូវបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូដ-១៩ ជាពិសេសកុមារតូចៗ ដែលមិនទាន់ចេះថែទាំបណ្ណ ជាហេតុអាចបណ្តាលឱ្យខូចខាត ឬបាត់បង់បណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដ៏មានសារសំខាន់នេះ ដូច្នេះ ក្រសួង សូមធ្វើការណែនាំឲ្យមានការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងទៅលើសិស្សានុសិស្សតែម្ដង គឺត្រួតពិនិត្យនៅថ្ងៃចូលរៀនដំបូង បានហើយ។
មានន័យថា ថ្ងៃបន្តបន្ទាប់ មិនចាំបាច់ត្រួតពិនិត្យ ឬតម្រូវឱ្យសិស្សានុសិស្សបង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណីចាំបាច់សិស្សានុសិស្សអាចបង្ហាញច្បាប់ចម្លង ជាការស្រេច។ ជាមួយគ្នានេះ ត្រូវណែនាំដល់សិស្សានុសិស្ស ឱ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវនៅតាមគេហដ្ឋានរៀងខ្លួនៗ ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងមួយសន្លឹក ដាក់តាមខ្លួនជាប្រចាំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ប្រើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលថតចម្លងជំនួសបណ្ណដើម ដាក់តាមខ្លួន ដើម្បីចៀសវាងការខូចខាត ឬបាត់បង់ជាដើម។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ប្រើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺប្រើតែបណ្ណថតចម្លងបានហើយ ជំនួសបណ្ណដើម, ហើយត្រូវដាក់ប័ណ្ណចាក់វ៉ាក់សាំងថតចម្លង ជាប់តាមខ្លួន ដើម្បីប្រើប្រាស់ក្នុងពេលដែលសាលាត្រូវការមើល និងសួរនាំ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






