ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមានថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ ច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានស្នើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។
ច្បាប់នេះត្រូវបានអះអាងថា ធ្វើឡើង ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ច្បាប់នេះមិនសម្តៅលើបុគ្គលណាមួយនោះឡើយ តែជាមរតកដ៏ធំមួយសម្រាប់ជាតិទៅរាប់រយឆ្នាំខាងមុខ សម្រាប់ការពារជាតិពីការជ្រៀតជ្រែករបស់បរទេស៕ រក្សាសិទ្ធិដោយ ៖ កូលាប










