Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអប់រំ សំណូមពរដល់មាតាបិតាសិស្ស ជួយពិនិត្យតាមដាន ការរៀនអានរបស់កូននៅផ្ទះ ព្រោះការរៀននៅសាលាតែមួយមុខ មិនគ្រប់គ្រាន់ទេ

កំពង់ឆ្នាំង ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងទស្សនកិច្ចសិក្សាពិនិត្យមើលការបែងចែកកញ្ចប់សម្ភារសិក្សានៅតាមផ្ទះ និងការបើកសាលារៀនឡើងវិញ ដោយការចែកជូនសម្ភារសិក្សានេះ គឺរៀបចំឡើងសម្រាប់កុមារថ្នាក់ទី១ និងទី២ ដែលជាកុមារតូចៗពិបាកក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីការបែងចែកសម្ភារសិក្សា ថ្នាក់ដឹកនាំយើងក៏បានអញ្ជើញចុះពិនិត្យមើលការរៀន និងបង្រៀន នៅតាមថ្នាក់រៀន ក៏ដូចជាការបង្រៀនជាបណ្ដុំនៅតាមខ្នងផ្ទះផងដែរ ក្រោយអំឡុងពេលប្រកាសឲ្យបើកសាលាឡើងវិញកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានរៀបចំកិច្ចប្រជុំរួមមួយជាមួយ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ ដើម្បីឲ្យពួកគាត់បានបញ្ចេញមតិយោបល់ ក៏ដូចជាការជូនដំណឹងជាក់លាក់មួយដល់ថ្នាក់ដឹកនាំយើងឲ្យកាន់តែជ្រាបច្បាស់ និងស្វែងយល់បន្ថែមពីផលវិជ្ជមាន និងអវិជ្ជមានខ្លះៗលើការសិក្សាតាមប្រព័ន្ធអនឡាញ និងការសិក្សាជាបណ្ដុំតាមផ្ទះកន្លងមក មុនពេលបើកសាលារៀន សម្រាប់រកវិធានការដោះស្រាយនូវចំណុចខ្វះខាតទាំងនោះ។

ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកស្រីតំណាង UNICEF USAID SIDA និងអភិបាលរងខេត្តកំពង់ឆ្នាំង។ នៅក្នុងឱកាសនោះដែរ លោកជំទាវ Carmen Merenno អគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានបើកសាលាឡើងវិញ ព្រោះកន្លងមកយើងបានរៀនតាមអនឡាញ និងតាមផ្ទះយូរហើយ ដូច្នេះយើងមកថ្ងៃនេះគឺធ្វើយ៉ាងណាដើម្បីជួយកុមារឲ្យបានរៀនសូត្រឡើងវិញ។ សូមជម្រាបថា សហគមន៍អឺរ៉ុបគឺជាដៃគូមួយដែលជួយគាំទ្រវិស័យអប់រំនៅកម្ពុជា នឹងបន្តសហការជាមួយដៃគូនានាសំដៅជួយកុមារយើងឆ្ពោះទៅថ្ងៃអនាគត។

ចំណែកឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកស្រីអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងតំណាងអង្គការដៃគូទាំងអស់ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បានសំណូមពរដល់មាតាបិតាសិស្សជួយពិនិត្យតាមដានការរៀនអានរបស់កូននៅផ្ទះ ព្រោះការរៀននៅសាលាតែមួយមុខមិនគ្រប់គ្រាន់ទេ ឯកឧត្តមបញ្ជាក់ថាការអានច្រើនគឺចេះច្រើន ដូចនេះគឺធ្វើឲ្យសិស្សកាន់តែចង់រៀន ចង់ទៅសាលារៀន។

ក្រោយសំណេះសំណាលចប់ ក្រុមការងារដឹកនាំដោយឯកឧត្ដមបណ្ឌិតបានចែកជូនកញ្ចប់សម្ភារសិក្សានៅផ្ទះជូនដល់តំណាងមាតាបិតា និងសិស្សានុសិស្ស និងប្រគល់សម្ភារអនាម័យ សម្ភារសិក្សា ជូនដល់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុក និងនាយកសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន រមាស ខេត្តកំពង់ឆ្នាំង។

គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅសាលារៀនមួយនៅខេត្តកំពង់ឆ្នាំង ដែលទើបតែបានបើកឱ្យ សិស្សចូលរៀនឡើងវិញនាពេលថ្មីៗនេះ។ ក្រុមគណៈប្រតិភូបានជួបជាមួយនាយកសាលា និងគ្រូបង្រៀន នៅសាលាបឋមសិក្សា ប៊ុន រានី ហ៊ុន សែន រមាស នៅក្នុងឃុំអភិវឌ្ឍន៍ និងបានទទួលការអញ្ជើញឱ្យសង្កេត មើលសិស្សានុសិស្សក្មេងៗកំពុងរៀនសូត្រដោយប្រើប្រាស់កញ្ចប់សម្ភារសិក្សាទាំងនោះ គណៈប្រតិភូក៏ បានជួបពិភាក្សាជាមួយគ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារ អំពីវឌ្ឍនភាពនៃការបើកសាលារៀនឡើង វិញ និងវិធីដែលពួកគេប្រើប្រាស់កញ្ចប់សម្ភារសិក្សានៅតាមផ្ទះសម្រាប់គាំទ្រកុមារក្នុងការរៀនបំប៉នបន្ថែម ឱ្យតាមទាន់ការរៀនសូត្រទាំងនៅសាលារៀន និងទាំងនៅផ្ទះ។

កញ្ចប់សម្ភារសិក្សាតាមផ្ទះ ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡាជាមួយនឹងការ ផ្ដល់មូលនិធិពីដៃគូ CDPF ដើម្បីគាំទ្រដល់ការរៀនសូត្រនៅក្នុងអំឡុងពេលនៃការបិទសាលារៀន និងនៅខណៈដែលសាលារៀនចាប់ផ្តើមបើកឡើងវិញ។ កញ្ចប់សិក្សាតាមផ្ទះនេះរួមមានសម្ភារស្វ័យសិក្សាដែល សមស្របទៅតាមអាយុ ដើម្បីជួយពង្រឹងការអាន ការសរសេរ ការប្រកប និងគណិតវិទ្យា ដែលសុទ្ធតែ សម្ភារជួយបំពេញបន្ថែមទៅដល់កម្មវិធីសិក្សាថ្នាក់ទី១ និងថ្នាក់ទី២ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ព័ត៌មានស្តីពី វិធីសាស្ត្រដែលឪពុកម្ដាយអាចជួយដល់ការរៀនសូត្ររបស់កូនខ្លួន និងការពារពួកគេពីជំងឺ កូវីដ-១៩ ក៏ត្រូវបានបញ្ចូលទៅក្នុងថង់ប្រើប្រាស់ឡើងវិញដែលមិនមានផលប៉ះពាល់បរិស្ថាន រួមជាមួយ នឹងសាប៊ូមួយដុំផងដែរ។

បើទោះជាសាលារៀនភាគច្រើននៅកម្ពុជា បានបើកដំណើរការឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្តី សាលារៀនជាច្រើនកំពុងប្រើប្រាស់អភិក្រមរួមបញ្ចូលគ្នានូវការរៀនសូត្រនៅសាលារៀន និង ការរៀនសូត្រតាមផ្ទះ។ កញ្ចប់សម្ភារសិក្សាតាមផ្ទះនេះ អាចប្រើប្រាស់បានទាំងនៅក្នុងថ្នាក់រៀន និងនៅផ្ទះ ជាមួយការគាំទ្រពីសំណាក់គ្រូបង្រៀន ឬឪពុកម្តាយ សម្ភារសិក្សាតាមផ្ទះនឹងជួយសិស្សានុសិស្ស ថ្នាក់ទី១ និងថ្នាក់ទី២ ឱ្យរៀនទាន់នូវកម្មវិធីសិក្សានានា ដែលពួកគេមិនបានរៀនក្នុងរយៈពេលប៉ុន្មានខ កន្លងមក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមាន ប្រសាសន៍ថា “ក្នុងពេលដែលប្រទេសកំពុងងើបឡើងវិញពីជំងឺរាតត្បាតជំងឺកូវីដ-១៩ និងសាលារៀនបាន បើកឡើងវិញ ការអប់រំកុមារតូច គឺជាអាទិភាពចម្បងរបស់យើង។ សម្ភារសិក្សាតាមផ្ទះនេះ នឹងធានាថា កុមារអាចរៀនសូត្រប្រកបដោយប្រសិទ្ធភាព។ យើងសូមថ្លែងអំណរគុណដល់ដៃគូដ៏មានតម្លៃនានា ដូចជា SIDA, USAID, យូនីសេហ្វ ភាពជាដៃគូសកលសម្រាប់វិស័យអប់រំ (GPE) និងសហភាពអឺរ៉ុប ចំពោះការ គាំទ្រដល់ក្រសួង ដើម្បីជួយគាំទ្រដល់សិស្សានុសិស្សនៅក្នុងគ្រាដ៏លំបាកនេះ សម្ភារទាំងនេះគឺជា ភស្តុតាងចុងក្រោយបំផុតនៃកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅក្នុងរយៈពេលវែងរវាងក្រសួងអប់រំ យុវជន និង កីឡា និងដៃគូនានា”។

លោកជំទាវ ខាម៉ិន ( ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ជំនួស មុខឱ្យសហភាពអឺរ៉ុប និងរដ្ឋសមាជិកថា “សិទ្ធិទទួលបានការអប់រំ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា សម្ភារសិក្សាទាំងនេះ គាំទ្រយ៉ាងខ្លាំងក្លាចំពោះការស្តារឡើងវិញនៅ ក្រោយការរាតត្បាតពីជំងឺកូវីដ សម្ភារទាំងនេះ គឺជាភស្តុតាងបន្ថែម បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុម ប្រទេសអឺរ៉ុប ក្នុងការប្រឆាំងនឹងជំងឺរាតត្បាត”។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សាថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ការអប់រំ របស់កុមារ គឺជាគន្លឹះឈានទៅរកការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេស ហេតុនេះយើងពិតជារីករាយខ្លាំង ណាស់ ដោយឃើញសាលារៀនបើកឡើងវិញម្តងទៀត។ យើងនឹងបន្តកិច្ចសហការជាមួយក្រសួងអប់រំ និងដៃគូមូលនិធិ CDPF ទាំងអស់ ដើម្បីជួយកុមារ ជាពិសេសកុមារងាយរងគ្រោះបំផុត ក្នុងការបំពេញ ឡើងវិញនូវការសិក្សា ដែលពួកគេបានបាត់បង់នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។ កិច្ចការនេះរួម មានគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជាការផ្គាល់កញ្ចប់សម្ភារសិក្សាតាមផ្ទះនេះ។ យើងក៏នឹងគាំទ្រក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការតាមដានត្រួតពិនិត្យការអនុវត្តវិធានការបង្ការ រួមទាំងតាមរយៈការបង្ក លក្ខណៈសម្រាប់ការចូលរួមរបស់គ្រូបង្រៀន ឪពុកម្ដាយ និងសហគមន៍ ដើម្បីឱ្យសាលារៀនបន្តប្រតិបត្តិ ការដោយសុវត្ថិភាព”។

លោកស្រី ហាន ង្វៀន នាយិកាបេសកកម្មរង USAID ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “USAID គឺជាអ្នកគាំទ្រក្នុងរយៈពេលជាយូរមកហើយ និងប្រកបដោយមោទនភាពចំពោះប្រជាជនកម្ពុជា កិច្ច សហការរបស់យើងជាមួយដៃគូចម្រុះដែលមានវត្តមាននៅថ្ងៃនេះ រួមទាំងលោកគ្រូ អ្នកគ្រូបឋមសិក្សា និង សិស្សានុសិស្សកម្ពុជាប្រកបដោយការតាំងចិត្តខ្ពស់ គឺជាភស្តុតាងនៃការគាំទ្ររបស់យើង។ USAID ជឿ ជាក់ថា ក្រុមការងារប្រកបដោយការតាំងចិត្តខ្ពស់ ដែលកំពុងចែករំលែកចំណេះ និងជំនាញបច្ចេកទេស របស់ពួកគេ អាចផលិតនូវលទ្ធផលយ៉ាងរឹងមាំ ដែលផ្តល់នូវគុណប្រយោជន៍ដល់មនុស្សជាច្រើន។ សម្ភារ ដែលត្រូវបានបែងចែកនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយអ្នកជំនាញអប់រំកម្ពុជា មន្ត្រីជំនាញរបស់ ក្រសួង អ្នកនិពន្ធនៅក្នុងប្រទេស និងវិចិត្រករ។ សម្ភារទាំងនេះដើរតួនាទីជាធនធានយ៉ាងមានតម្ល សម្រាប់សាលារៀន និងសហគមន៍ មិនត្រឹមតែក្នុងអំឡុងនៃការរំខានពីជំងឺកូវីដ-១៩ ប៉ុណ្ណោះឡើយ ប៉ុន្ត សម្រាប់សិស្សជំនាន់ខាងមុខៗផងដែរ”៕រក្សាសិទ្ធិដោយ ៖ កូលាប

×