ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលដីកា លើបណ្តឹងសាទុក្ខ របស់ជនជាប់ចោទបុរសម្នាក់ ដែលត្រូវបានតុលាការខេត្តបាត់ដំបង កាលពីឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធបទល្មើស អំពើឃាត.កម្មគិតទុកជាមុន ដោយជាប់សង្ស័យថាគាត់ស.ម្លាប់ប្រពន្ធរបស់គាត់ ប្រព្រឹត្តនៅចំណុចឃ្លាំងផ្ទុះ ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩។

តុលាការកំពូល ក៏បានសម្រេច តម្កល់សាលដីការបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង រក្សាទុកជាបានការដដែល , ទម្លាក់បទចោទប្រកាន់ ចំពោះ ជនជាប់ចោទ និងបង្គាប់ឱ្យដោះលែង ជនជាប់ចោទ ពីមន្ទីរឃុំឃាំង។
លោកច័ន្ទ រង្សី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះស្តីទី នៃតុលាការកំពូល បានថ្លែងឲ្យដឹងក្នុងអង្គសវនាការថា ជនជាប់ចោទ រូបនេះមានឈ្មោះ ព្រំសួស សំណាង ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅ ភូមិរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ចំណែកឯ ជនរងគ្រោះមានឈ្មោះ អូន ចាន់ថា អាយុ២៩ ឆ្នាំ មុខរបរ ជាគ្រូបង្រៀនសាលាបឋមសិក្សាអំពិលលើ នៅក្នុងឃុំ សំឡូត។
អ្នកទាំងពីរ គឺ ជាប្តីប្រពន្ធ នឹងគ្នា និងមានកូនចំនួនបីនាក់ ស្ថិតនៅក្នុងបន្ទុក។
ជនជាប់ចោទត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២០ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់អស់ មួយជីវិត ពីបទ: ឃាត.កម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។

សាលាដំបូងខេត្តបាត់ដំបង ក៏បានបង្គាប់ឱ្យជនជាប់ចោទត្រូវបង់ប្រាក់ចំនួន ២០០លានរៀល ជាថ្លៃជម្ងឺចិត្តឲ្យទៅ ឈ្មោះ សោម ធា ភេទស្រី អាយុ ៦៥ ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ ដែលជាភាគីដើមបណ្ដឹង។
តែជនជាប់ចោទបានប្តឹងជំទាស់មកកាន់ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១ បានសម្រេចសេចក្តី ដោយធ្វើការច្រានចោល សាលក្រមរបស់សាលាដំបូងខេត្តបាត់ដំបង និង សម្រេចឲ្យជនជាប់ចោទ បានរួចផុត ពីបទចោទប្រកាន់ខាងលើ និង បង្គាប់ឱ្យដោះលែង ជនជាប់ចោទ ពីពន្ធនាគារ។
ក៏ប៉ុន្តែ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង និងម្តាយរបស់ជនរងគ្រោះ បានប្តឹងសាទុក្ខមកកាន់ តុលាការកំពូល។
បន្ទាប់ពីលោកចៅក្រម ច័ន្ទ រង្សី នៃ តុលាការកំពូល បានអានសាលដីកា ដែលមានសំអាងហេតុ និងអង្គច្បាប់យ៉ាងវែងអន្លាយចប់សព្វគ្រប់ រួចមក ជនជាប់ឈ្មោះ ព្រំសួស សំណាង ដែលមានសេចក្តីត្រេអរយ៉ាងខ្លាំង និងស្រក់ទឹកភ្នែក បានលុតជង្គង់ សំពះ និង ថ្វាយបង្គំថ្វាយ ដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល ដែលបានររកការពិត និងបានផ្តល់យុត្តិធម៌ពិត និងសម្រេចដោះលែង រូបគាត់ឲ្យសេរីភាពវិញ ព្រមទាំងបានជួបជុំក្រុមគ្រួសារគាត់វិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



