Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបចំពោះការអំពាវនាវ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការឆ្លើយតបចំពោះការអំពាវនាវរបស់ក្រុមអ្នកជំនាញ សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ៣រូប ឱ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើជាឧបករណ៍ដើម្បីផ្តន្ទាទោសលើអ្នកហ៊ាននិយាយអំពីសិទ្ធិមនុស្សនៅកម្ពុជា គឺមិនពិតនោះទេ។ ពីព្រោះជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ CEN ថា ជាគោលការណ៍ច្បាប់ ក៏ដូចជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ មិនមែនជាការរិតត្បិតសិទ្ធិសេរី ឬមួយក៏ជាការបំបិទសម្លេងបប្រឆាំង ឬក៏ធ្វើទុក្ខបុកម្នេញសកម្មជននោះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់យ៉ាងដូច្នេះថា “សកម្មភាពនៃការប្រព្រឹត្តបទល្មើស ក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យ ហើយក៏មិនត្រូវបានទទួលនូវការលើកទឹកចិត្ត និងការការពារដែរ។ ការអនុវត្តច្បាប់ដោយផ្អែកទៅលើទិដ្ឋភាពនីតិវិធីច្បាប់របស់កម្ពុជាតាមរយៈយន្តការរបស់តុលាការ គឺជាវិធានការច្បាប់ជាទូទៅដែលគេតែងតែប្រើប្រាស់នៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ”។

សូមជម្រាបថា ក្រុមអ្នកជំនាញ សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិចំនួន ៣រូប អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធ តុលាការធ្វើជាឧបករណ៍ ដើម្បីផ្តន្ទាទោសលើអ្នកហ៊ាននិយាយ អំពីសិទ្ធិមនុស្សនៅកម្ពុជា។ ក្រុមអ្នកជំនាញ សិទ្ធិមនុស្សទាំងនោះ រួមមានដូចជា អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិ នៃសេរីភាពបញ្ចេញមតិ និងទស្សនៈ អ្នកស្រី អាយរីន ខាន់ និងអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពរបស់ក្រុមអ្នកការពារ សិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×