ភ្នំពេញ ៖ ដើម្បីជំរុញឲ្យការដោះលែងនៅក្រៅឃុំ ព្រមទាំងជំរុញការកាត់ក្តីឲ្យបានឆាប់រហ័ស ក្រសួងយុត្តិធម៌ បានចេញគោលការណ៍ណែនាំមួយចំនួន លើកទឹកចិត្តឲ្យតុលាការ ប្រើប្រាស់វិធានការអនុគ្រោះមួយចំនួន ជាពិសេសការព្យួរទោស ដើម្បីពន្លឿនចំណាត់ការនីតិវិធីនៅក្នុងសំណុំរឿងផ្សេងៗ ដើម្បីរួមចំណែកដោះស្រាយ ភាពចង្អៀតណែនក្នុងពន្ធនាគារ។
គោលការណ៍ណែនាំរបស់ក្រសួងយុត្តិធម៌ ធ្វើឡើងក្នុងគោលបំណងដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារ ដែលកន្លងមកបានអនុវត្តជាជំហានៗរួចហើយ ដូចជា ៖

១- ក្រសួងយុត្តិធម៌ បានបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូង,
២- ការជំរុញយន្តការដោះលែងដោយមានលក្ខខណ្ឌ,
៣- ការពិនិត្យពិចារណាក្នុងយន្តការថ្នាក់ជាតិ ទាក់ទងនឹងការបន្ធូរបន្ថយទោស និងលើកលែងក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។
បើតាមខ្លឹមសារណែនាំរបស់ក្រសួងយុត្តិធម៌ បង្ហាញថា កន្លងមក នៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី -ខេត្ត ដែលក្រសួងយុត្តិធម៌បានដាក់ចេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ និងក្នុងគោលដៅចូលរួមចំណែកក្នុងការកាត់ បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ នោះ ក្រសួងយុត្តិធម៌បានចេញសេចក្តីណែនាំលេខ ០១ កយ.សណន/២០ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយបានណែនាំ អំពីគោលការណ៍ដែលត្រូវអនុវត្តនៅក្នុងដំណាក់កាលអយ្យការ, ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ សម្រាប់យុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី- ខេត្ត ហើយក៏ត្រូវបានជម្រះជម្រុះសំណុំរឿងព្រហ្មទណ្ឌជាច្រើនពាន់ករណីផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




