Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និងប្រទេសចំនួន១៩ផ្សេងទៀត ប្តេជ្ញារួមគ្នាបញ្ឈប់ការផ្តល់គម្រោងមូលនិធិហិរញ្ញវត្ថុឥន្ទនៈផូស៊ីលនៅក្រៅប្រទេសនៅចុងឆ្នាំ២០២២

សហរដ្ឋអាមេរិក កាណាដា និងបណ្តាប្រទេសចំនួន១៨ផ្សេងទៀតបានប្តេជ្ញារួមគ្នានៅឯកិច្ចប្រជុំកំពូលស្តីពីអាកាស ធាតុ COP26កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងដើម្បីបញ្ឈប់ការផ្តល់ហិរញ្ញប្បទានសាធារណៈសម្រាប់គម្រោងឥន្ធនៈផូស៊ីលនៅក្រៅប្រទេសចាប់ពីចុងឆ្នាំក្រោយតទៅ(២០២២) និងងាកមកចំណាយលើគម្រោងថាមពលស្អាតជំនួសវិញ។

ក្រុមប្រទេសដែលជាអ្នកបង្កើតគម្រោងយុទ្ធនាការនេះបានលើកឡើងថា ការប្តេជ្ញាបញ្ឈប់គម្រោងមូលនិធិហិរញ្ញវត្ថុឥន្ទនៈផូស៊ីលនេះគឺជាជំហាន«ប្រវត្តិសាស្ត្រ» ក្នុងការបិទបញ្ចប់មូលនិធិគម្រោងឥន្ទនៈហ្វូស៊ីលនៅលើពិភពលោក។ ប៉ុន្តែ ប្រទេសជាង២០ខាងដើមនេះបែរជាមិនបានរួមបញ្ចូលប្រទេសក្នុងតំបន់អាស៊ីឱ្យទទួលខុសត្រូវចំពោះការផ្តល់ហិរញ្ញប្បទានផ្នែកឥន្ទនៈផូស៊ីពីបរទេសនេះទៅវិញ។

បើតាម ប្រទេសបង្កើតយុទ្ធនាការនេះ ការគ្រប់គ្រង់លើឥន្ធនៈផូស៊ីលគឺរួមមាន ទាំងប្រេង និងឧស្ម័ន។ ហើយកិច្ចព្រមព្រៀងនេះបានដំណើរការលើសពីការសន្យាដែលធ្វើឡើងដោយប្រទេស G20 នៅឆ្នាំនេះ ដើម្បីបញ្ឈប់ការផ្តល់ហិរញ្ញប្បទានពីក្រៅប្រទេសសម្រាប់តែធ្យូងថ្ម។

ជាក់ស្តែងប្រទេសទាំង២០ខាងដើមដែលបានចុះហត្ថលេខាសន្យាបញ្ឈប់ទទួលនូវមូលនិធិគម្រោងហិរញ្ញវត្ថុឥន្ទនៈផូស៊ីលរួមមាន ដាណឺម៉ាក អ៊ីតាលី ហ្វាំងឡង់ កូស្តារីកា អេត្យូពី ហ្គាំប៊ី នូវែលសេឡង់ និងកោះម៉ាស្យល និងរួមទាំងវិទ្យាស្ថានអភិវឌ្ឍន៍ចំនួន៥ស្ថាប័នទៀត ដូចជា ធនាគារវិនិយោគអឺរ៉ុប និងធនាគារអភិវឌ្ឍន៍អាហ្រិ្វកខាងកើតជាដើម។

ទន្ទឹមនឹងនេះ ប្រទេសទាំង២០បានលើកឡើងថា៖« យើងនឹងបញ្ឈប់ការគាំទ្រជាសាធារណៈថ្មីៗផ្សេងទៀតពាក់ព័ន្ធនឹងវិស័យថាមពលឥន្ធនៈផូស៊ីលដែលមិនទាន់ត្រូវបានកាត់បន្ថយជាលក្ខណៈអន្តរជាតិនៅចុងឆ្នាំ២០២២ខាងមុខ។»

បើយោងតាមការវិភាគដោយក្រុមហ៊ុន Oil Change International ប្រទេសដែលបានចុះហត្ថលេខាលើការសន្យារួមគ្នា បានបណ្តាក់ទុនជិត ១៨ពាន់លានដុល្លារជាមធ្យមក្នុងមួយឆ្នាំៗ សម្រាប់គម្រោងឥន្ធនៈផូស៊ីលអន្តរជាតិចាប់ពីឆ្នាំ ២០១៦-២០២០។

តែយ៉ាងណា ​បើក្រឡេកមក​ប្រទេសនៅតំបន់​អាស៊ីវិញ មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូលនោះ​ទេ ខណៈប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកគាំទ្រដ៏ធំបំផុតនៃគម្រោងឥន្ធនៈហ្វូស៊ីលបរទេសនៅក្នុង G20 ដោយភាគច្រើននៃជំនួយនោះនឹងទៅគម្រោងប្រេង និងឧស្ម័ន។ ហើយ ប្រទេសទាំងនោះបានប្តេជ្ញាបញ្ឈប់ការផ្តល់មូលនិធិពីបរទេសសម្រាប់ធ្យូងថ្ម ដែលជាការសន្យាធ្វើឡើងដោយប្រទេស G20 ទាំងអស់៕

×