ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់បន្ទប់ជួល ដេញព័ទ្ធចាប់បានភ្លាមៗ ខណៈពេលធ្វើសកម្មភាពចូលទៅក្នុងបន្ទប់ផ្ទះជួល បម្រុងលួចយកទូរស័ព្ទដៃមួយគ្រឿងមិនបានសម្រេច។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង០០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលមួយកន្លែង នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉េត ម៉ាច ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកម្មកររោងចក្រទឹកកក ស្នាក់នៅចំណុចកើតហេតុខាងលើ។
ចំណែកជនសង្ស័យខាងលើមានឈ្មោះ អ៊ុក ស៊ីសារិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានសារធាតុញៀន។
យោងតាមសម្តីស្ត្រីរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលសម្រាកក្នុងបន្ទប់ រួចបិទទ្វារតែមិនបានចាក់គន្លឹះពីខាងក្នុង ខណៈពេលកំពុងតែដេករៀបលក់ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បើកទ្វារបន្ទប់របស់គាត់ មកឈរនៅក្បាលដំណេក បម្រុងលួចយកទូរស័ព្ទរបស់គាត់ ពេលនោះរូបគាត់បានភ្ញាក់ពីដេក ក៏ឃើញជនសង្ស័យចូលក្នុងបន្ទប់គាត់ រូបគាត់ក៏បានស្រែកឆោឡោ ផ្អើលអ្នកជិតខាងនាំគ្នាជួយដេញស្ទាក់ចាប់បានជនសង្ស័យខាងលើ ភ្លាមៗរួចក៏បានរាយការណ៍ មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ឲ្យមកយកជនសង្ស័យទៅធ្វើការសាកសួរបន្ត នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានព្យាយាម ចូលលួចទូរស័ព្ទដៃមួយគ្រឿង ពីក្នុងបន្ទប់ស្ត្រីខាងលើនោះ ពិតប្រាកដមែន ហើយស្ត្រីរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម



