Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្លាយជាគំរូសម្រាប់បណ្តាប្រទេសក្នុងតំបន់ តាមរយៈការបង្កើតជា “កម្មវិធីការងារល្អប្រសើរ (Better Work)”

ភ្នំពេញ៖ ពិធីគម្រប់ខួប២០ឆ្នាំ នៃការបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានការចូលរួមពី ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម W Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា, លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ ប្រចាំប្រទេសកម្ពុជា ថៃនិងឡាវ, លោក Dan Rees នាយកគម្រោងការងារល្អប្រសើរ (Better Work), លោកស្រី Sara Park នាយកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) រួមនិង តំណាងសមាគមនិយោជក តំណាងសហជីព និងអ្នកបញ្ជាទិញអន្តរជាតិផងដែរ។

កម្ពុជាគឺជាប្រទេសទី១ ដែលមានភាពក្លាហានក្នុងការអនុវត្តពាណិជ្ជកម្មអន្តរជាតិដោយផ្សាភ្ជាប់ជាមួយនឹងការធានាលក្ខខណ្ឌការងារស្របតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារស្នូលជាអន្តរជាតិ។ដោយសារតែគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា មានបេសកកម្ម និងកម្មវិធីការងារគាំទ្រនូវគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសំដៅធានាការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ទើបបានជាគម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល ២០ឆ្នាំនេះ។ ​

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការអបអរសាទរចំពោះគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលទាំងឡាយក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ។ នេះជាឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្រ្តនៃការអភិវឌ្ឍវិស័យការងាររបស់ព្រះរាជាណាចក្រកម្ពុជាដែលសបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តដ៏មុតមាំនិងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារតាមរយៈការផ្សាភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ។ ផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងវិស័យកាត់ដេរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពង្រីកវិសាលភាព នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដោយបញ្ចូលរោងចក្រផលិតផលិតផលធ្វើដំណើរនិងកាបូប តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការ ILO សម្រាប់ឆ្នាំ២០២០-២០២២។

ភាពជោគជ័យ និងការអនុវត្តល្អរបស់គម្រោងនេះនៅកម្ពុជា ត្រូវបានក្លាយជាគំរូសម្រាប់បណ្តាប្រទេសក្នុងតំបន់តាមរយៈការបង្កើតជា “កម្មវិធីការងារល្អប្រសើរ (Better Work)”។  គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ កម្មករនិយោជិតនិងនិយោជកនៃរោងចក្រកាត់ដេរ ដែលធ្វើការនាំចេញផលិតផលទៅក្រៅប្រទេសបានទទួលនូវអត្ថប្រយោជន៍ជាច្រើនអំពីការអនុវត្តគម្រោងនេះ ដោយអាចរក្សាបាននូវការងារដែលមានលក្ខខណ្ឌល្អប្រសើរនិងទទួលប្រាក់ចំណេញអាជីវកម្មតាមរយៈការទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើនជាប្រចាំជាមួយនឹងអនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។

បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងដាក់ឱ្យដំណើរការសាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលជាចំណុចរបត់ថ្មីមួយនៅក្នុងប្រព័ន្ធអធិការកិច្ចការងារ។ ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់ឱ្យដំណើរការ ការធ្វើអធិការកិច្ចរួមគ្នារវាងអធិការការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ចំពោះរោងចក្រផលិតផលិតផលធ្វើដំណើរនិងការបូបនៅក្នុងឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ជាក់ស្តែង គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាយន្តការបន្ថែមលើយន្តការអធិការកិច្ចការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរ។

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងការផ្លាស់ប្តូរបទពិសោធន៍ការងារ ព្រមទាំងការកសាងសមត្ថភាព របស់អធិការការងារនិងអ្នកវាយតម្លៃអនុលោមភាពការងារ ពិតជាបានជះឥទ្ធិពលវិជ្ជមានចំពោះការពង្រឹងការអនុវត្តលក្ខខណ្ឌការងារ និងការកសាងវប្បធម៌អនុលោមភាពនៅតាមរោងចក្រ សហគ្រាសជាទូទៅ។ ឯកឧត្តមរដ្ឋមន្ត្រី ស្នើសុំការបន្តសហការឱ្យកាន់តែជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងកសាងវប្បធម៌អនុលោមភាពការងារនៅកម្ពុជា សំដៅជំរុញកំណើនក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕

×