Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារសេះសរខេត្តកែប សាងសង់ បានជាង ៧០% ខណៈក្រុមអាជីវករមិនមានបង់លុយអ្វីទាំងអស់ ក្នុងអំឡុងពេលចូលមកលក់ឡើងវិញ

កែប៖ ផ្សារសេះសរដំណើរការសាងសង់ឡើងវិញអស់រយៈពេលជាង ៣ខែមកហើយ និងសម្រេចបានជាង ៧០% គិតទល់ពេលនេះ ក្រោយអគ្គីភ័យបានបំផ្លាញ ហើយគ្រោងបើកឲ្យអាជីវករ ចូលទៅលក់ដូរវិញបាននាចុងឆ្នាំ២០២១ ឬដើមឆ្នាំ ២០២២ខាងមុខនេះ។

តំណាងក្រុមហ៊ុនសាងសង់ផ្សារនេះ បានឱ្យដឹងថា​ ការសាងសង់ផ្សារដែលឆេះឡើងវិញនេះ ក្រុមហ៊ុនមិនមានគម្រោងពង្រីកបន្ថែមទេ ដោយគ្រាន់តែធ្វើការកែសម្រួលលើចំណុចមួយចំនួនដូចជា លើកដំបូលផ្សារឲ្យខ្ពស់ជាងមុនកន្លះម៉ែត្រ ដើម្បីឲ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ កែសម្រួលលើច្រកចេញចូលពី៤ ទៅ១២ ច្រក និងការកែសម្រួលលើប្រព័ន្ធអគ្គិសនីឡើងវិញជាដើម ហើយក្រុមអាជីវករ មិនមានបង់លុយអ្វីទាំងអស់ ក្នុងអំឡុងពេលចូលមកលក់ឡើងវិញ។

លោក ម៉ិច សុធី អ្នកមើលការខុសត្រូវលើការសាងសង់ផ្សារនេះ បានឲ្យដឹងថា បច្ចុប្បន្នក្រុមការងារ សាងសង់នៅបន្តធ្វើការងារប្រក់ដំបូល ចាក់សាប និងធ្វើការបែងចែកតូបទៅឲ្យអាជីវករទៅតាមទីតាំងរបស់ពួកគាត់ដូចដើមវិញ ហើយយើងនឹងបន្តធ្វើការរៀបចំប្រព័ន្ធរំដោះទឹកឡើងវិញ និងការស្ថាបនាផ្លូវបេតុងនៅជុំវិញផ្សារនេះ ដើម្បីសម្រួលភាពងាយស្រួលក្នុងការធ្វើដំណើរទាំងលក់ និងអ្នកទិញ។

គួរំលឹកថា ផ្សារសេះសរ ត្រូវបានអគ្គិសភ័យលេបត្របាក់ទាំងស្រុងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ហេតុការណ៍នេះ អ្នកជំនាញសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅក្នុងហេតុការអគ្គិភ័យនោះ បានបំផ្លាញនូវមុខទំនិញគ្រប់ប្រភេទ ដែលមាននៅក្នុងតូបលក់ដូរសរុបចំនួន ១២១តូប គិតជាប្រាក់អស់ប្រមាណ ១លានដុល្លារអាមេរិក៕

×