ភ្នំពេញ ៖ ប្រធានក្រុមហ៊ុន រោងចក្រផលិតទឹកបរិសុទ្ធ អេរ៉ូទិក ក្រុមគ្រួសារ និងញាតិមិត្ត បានមូលមតិគ្នារៀបចំច្ច័យរួមមាន បរិក្ខារកឋិនទាន ទេយ្យទាន គ្រឿងបរិភោគ-ឧបភោគ និងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ដែលស្ថិតក្នុង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ, ប៉ុន្តែការប្រគេនអំណោយទេយ្យទាននេះ គឺថ្នាក់ដឹកនាំនៃរោងចក្រផលិតទឹកបរិសុទ្ធអេរ៉ូទិក បាននិមន្តព្រះសង្ឃ មកទទួលគ្រឿងបរិក្ខារកឋិនទាននេះ នៅឯរោងចក្រផ្ទាល់ ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ការនិមន្តព្រះសង្ឃមកទទួលទេយ្យទានបរិក្ខារកឋិនទាន នៅឯទីកន្លែងរោងចក្រដែលជាអ្នកផ្ដើមបុណ្យបែបនេះ គឺជាការគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល មិនឲ្យដង្ហែកឋិនតាមផ្លូវ និងបង្កភាពអ៊ូអរក្នុងវត្តអារាម នារដូវបុណ្យកឋិនទាន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ម្ចាស់ផ្ដួចផ្ដើម និងអ្នកចូលរួមរៀបចំអំណោយទានសម្រាប់ពិធីបុណ្យកឋិនទាននេះ រួមមាន ÷
-លោកឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ ព្រមទាំងកូនចៅ,
-លោកជំទាវ ឧត្តមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង នៃអគ្គនាយដ្ឋានភស្តុភារ ហិញ្ញវត្ថុ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ,
-លោកជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយកា មជ្ឈមណ្ឌលព័ត៌មាន CEN ព្រមទាំងក្រុមគ្រួសារ,
-លោកជំទាវ អោម ខាន់តី ព្រមទាំងក្រុមគ្រួសារ,
-លោកជំទាវ ភួង ម៉ាឡា កឹម ជាតិ ព្រមទាំងក្រុមគ្រួសារ,
-លោក ស្រី វ៉ាន់ ឡេង ព្រមទាំងក្រុមគ្រួសារ,
-លោក ថៃ វ៉ាន់ ថា នឹង ភរិយា ,
-លោក ស្រី ទៀង វ៉ាន់ ធី នឹង ស្វាមី,

ឆ្លើយនឹងសំណួរថា គេតែងតែឃើញលោកជំទាវឧកញ៉ា និងលោកឧកញ៉ា ដែលជាម្ចាស់ដើមបុណ្យកឋិនទាននាពេលនេះ ក៏ដូចជាពេលកន្លងមក តែងតែធ្វើបុណ្យចែកអំណោយទានដល់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅតាមមូលដ្ឋាន វត្តអារាមនានាញឹកញាប់ តើលោកជំទាវ គិតថា ចង់បានប្រយោជន៍អ្វីមកវិញខ្លះទេ? លោកជំទាវឧកញ៉ា វណ្ណ លុយ ឆ្លើយបកស្រាយថា ដំបូងយើងគិតដល់មុនគេ គឺចិត្តជ្រះថ្លា វប្បធម៌ចែករំលែក ជួយគ្នាទៅវិញទៅមកក្នុងសង្គមកម្ពុជា។
លោកជំទាវឧកញ៉ា វណ្ណ លុយ រៀបរាប់ថា យើងទាំងអស់គ្នាដែលរស់នៅក្នុងសង្គមកម្ពុជា មានការប្រកាន់យកនូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ខ្មែរ ក្នុងនោះ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃព្រះមហាក្សត្រ សាសនា រាជរដ្ឋាភិបាល និងរាស្ត្រខ្មែរ ដូច្នេះយើងត្រូវគោរពប្រពៃណី សាសនា រាជរដ្ឋាភិបាល និងព្រះមហាក្សត្ររបស់យើង ក្នុងនោះយើងត្រូវតែមានចិត្តជួយគ្នាទៅវិញទៅមកនៅក្នុងសង្គមជាតិយើង ជួយទាំងរាជរដ្ឋាភិបាល និងប្រជារាស្រ្ត។

លោកជំទាវឧកញ៉ា វណ្ណ លុយ លើកឡើងថាការចែករំលែកអំណោយទាននៅក្នុងសង្គមជាតិ និងប្រជាពលរដ្ឋ មិនចាំបាច់ទាល់តែអ្នកនោះជាអ្នកមាននោះទេ, មានន័យថា មិនថាអ្នកក្រ អ្នកមធ្យម ឬអ្នកមាន ឬស្ថិតក្នុងស្ថានភាពបែបណានោះឡើយ ឲ្យតែយើងមានចិត្តស្រឡាញ់ ជាតិ សាសនា ព្រះមហាក្សត្រ គោរពរាជរដ្ឋាភិបាល និងស្រឡាញ់ប្រជារាស្រ្តរបស់យើង គឺយើងនៅតែអាចប្រើសិល្បៈ និងវប្បធម៌ចែករំលែកបានដូចគ្នា, ដូច្នេះ ការចែកអំណោយទានរបស់នាងខ្ញុំ និងក្រុមគ្រួសារ ញាតិមិត្ត ជូនដល់ប្រជាពលរដ្ឋ ប្រគេនដល់ព្រះសង្ឃ គឺមិនចង់បានប្រយោជន៍អ្វីមកវិញនោះទេ អ្វីដែលចង់បាននោះ គឺចង់ឱ្យប្រជាពលរដ្ឋគ្រប់គ្នាមើលឃើញថា អំពើល្អ គឺជាអំពើដែលគួរប្រព្រឹត្តគ្រប់ៗគ្នា ដើម្បីឲ្យសង្គមជាតិរបស់យើងកាន់តែល្អទៅៗ ជាពិសេស ទាំងអស់គ្នា ផ្ដោតលើវប្បធម៌ចែករំលែក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















