បន្ទាយមានជ័យ៖ ជ្រូកកណ្ដុរក្លាស្សេចំនួន១៦០ក្បាល ដឹកតាមរថយន្ត១គ្រឿង នាំចូលតាមច្រករបៀងចេញពីប្រទេសថៃ ត្រូវបានក្រុមអន្តរាគមន៍សហការជាមួយ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់បាននៅវេលាម៉ោង១១យប់ នៅថ្ងៃទី ០៤ ខែវិច្ឆិការ ឆ្នាំ២០២១ នៅត្រង់ចំណុចមុខវត្តខ្លែងពណ៌ ភូមិខ្លែងពណ៍ ឃុំស្លក្រាម ស្រុកស្វាយចេក ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ រស់ អៀម នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចចម្រុះ បានចេញស្ទាក់បាប់បានរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឳឡឹកពាក់ផ្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៍ ភូមិខ្លែងពណ៌ ឃុំស្លក្រាម ស្រុកស្វាយចេក និងឃាត់ខ្លួនអ្នកបើកបរម្នាក់ ឈ្មោះ យនសាម៉េត អាយុ ៣៧ឆ្នាំមានទីលំនៅ នៅភូមិស្រឡៅជ្រុំ ឃុំ សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីឃាត់រថយន្តហើយកម្លាំងចម្រុះឆែកឆេក្នុងរថយន្តរកឃើញ ជ្រូកក្លាស្សេចំនួន ១៦០ក្បាល។
លោកនាយការិយាល័យ បានបញ្ជាក់ថា ក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ពុំមានលិខិតអនុញ្ញាតឲ្យដឹកជញ្ជូន និងមានការដឹកជញ្ជូនមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានការប្រែប្រួលសភាពដើម និងមានក្លិនស្អុយ ទើបមន្ត្រីចម្រុះបានធ្វើការសម្រេចដុតកម្ទេចចោល នៅវេលាម៉ោង ១២ និង ៣០នាទី រសៀល នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២១ តែម្តង ។ ចំណែកម្ចាស់រថយន្ត និងរថយន្ត កម្លាំងសមត្ថកិច្ចចម្រុះ រៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ កូលាប


