ភ្នំពេញ ៖ បន្ទាប់ពីការអនុវត្ត គម្រោងក្នុងការជម្រុញវិស័យចំណីអាហារ ក្រោមជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថាន ស្រាវជ្រាវ ម្ហូបអាហារ កូរ៉េ (KFRI) និងវិទ្យាស្ថាន បច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (KAIT) នៅកម្ពុជាអស់រយៈពេល ៣ឆ្នាំ ពីឆ្នាំ ២០១៨ -២០២០ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ជាពិសេស វិស័យសហគ្រាស ធុនតូច និង មធ្យមផ្នែកចំណីអាហាររួចមក នៅរសៀល ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅទីស្តីការក្រសួង មានជំនួបពិភាក្សាមួយ រវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយលោក KIM Young Chan នាយកគម្រោងនៃវិទ្យាស្ថាន KFRI និងលោក CHEONG Jin Woong អ្នកប្រឹក្សាយោបល់ ដើម្បីសុំការអនុញ្ញាត និងឯកភាពព្រមទាំងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងបន្ត ឬហៅថាការអនុវត្តគម្រោងជំហានទី២ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពបង្កើត មជ្ឈមណ្ឌលម្ហូបអាហារ ( FTC)នៅកម្ពុជា ។

ក្នុងនោះភាគីកូរ៉េបានស្នើសុំកិច្ចសហការមួយចំនួន ដូចជាការផ្តល់ទិន្នន័យ និងទីតាំង បង្កើតរោងចក្រគំរូខ្នាតតូច មន្ទីរ ពិសោធន៍ បន្ទប់ប្រជុំ និងបណ្តុះបណ្តាលជាដើម ។ ជាការ ឆ្លើយតប ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអនុវត្តការងារកន្លងមកក្នុងលទ្ធផលផ្លែផ្កា សម្រាប់ជួយឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា ។ ចំពោះការអនុវត្តគម្រោងជំហានទី២នេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី សូមគាំទ្រពេញទំហឹង ដោយឯកឧត្តមចាត់ទុកថា មានសារៈសំខាន់ និងចំពេលវេលាល្អណាស់ ដើម្បីពង្រឹងឧស្សាហកម្មម្ហូបអាហារកម្ពុជា ឲ្យមានលក្ខណៈស្តង់ដារ អាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន ដូចជាភាពល្បីល្បាញនៃម្ហូបអាហារកូរ៉េផងដែរ ។
ចំពោះការស្វែងរកទីតាំង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមឲ្យភាគីកូរ៉េពិនិត្យលទ្ធភាពយកទីតាំង អាគារ ចំនួន ២ ដែលមានកំពស់៧ជាន់ដូចគ្នា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចាក់អង្រែលើដែលអាគារទាំងពីរ នោះ ជាទីតាំងធ្វើការរបស់ថ្នាក់ដឹកនាំនិងមន្ត្រី នៃអគ្គនាយកដ្ឋាន និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ហើយក៏ជាទីតាំងបម្រុងសម្រាប់ បំពាក់ឧបករណ៍មន្ទីរពិសោធន៍ឧស្សាហកម្មផងដែរ ។

ស្ថិតក្នុងឱកាសនោះ ភាគីកូរ៉េបានសម្តែងនូវទឹកចិត្តរីករាយចំពោះកិច្ចសហការដ៏ល្អនេះ ព្រមទាំងពេញចិត្តជាខ្លាំងចំពោះទីតាំងដែលឯកឧត្តមណែនាំពីព្រោះទីតាំងនេះ គឺអាចប្រមូលផ្តុំ ការងារទាំងអស់នៅក្នុងកន្លែងតែមួយ ហើយយើងក៏មានលទ្ធភាព អាចសាងសង់អគារបន្ថែម នៅលើដីទំនេរបាន ។
លោក KIM បានបញ្ជាក់ថា ក្រុមការងារ របស់លោកនឹងធ្វើរបាយការណ៍លំអិតចុងក្រោយ ទៅរដ្ឋាភិបាលកូរ៉េ ដើម្បីពិនិត្យនិងសម្រេចឲ្យបានឆាប់បំផុត ហើយសង្ឃឹមថានឹងអនុវត្តគម្រោងជំហានទី២ ដែលមានលក្ខណៈស៊ីជម្រៅនេះ នៅកម្ពុជាបន្តទៀត ដើម្បីអនាគតឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា ៕ រក្សាសិទ្ធិដោយ ៖ កូលាប













