Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍តម្កល់ទោស សកម្មជនមាតាធម្មជាតិ៣នាក់ តែបន្ថយទោសពួកគេ ក្នុងម្នាក់ៗ ត្រឹមតែ ១ឆ្នាំ ២ខែ ប៉ុណ្ណោះ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកា លើសំណុំរឿងក្តីរបស់យុវជនជាប់ចោទ ចំនួន៣នាក់ ដែលជាសកម្មជនអង្គការមាតាធម្មជាតិ និង ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពី ខែ ឧសភា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ពី ១៨ ខែ ទៅ ២០ ខែ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៤លានរៀល សម្រាប់ ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្ត នៅចន្លោះឆ្នាំ ២០១៧ និង ២០២០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានសម្រេច តម្កល់សាលក្រមរបស់សាលារាជធានីភ្នំពេញ រក្សាទុកដដែល តែបានកែប្រែទណ្ឌកម្មរបស់ពួកគេ ពីជាប់គុក ក្នុងម្នាក់ៗ ពី ១៨ ទៅ ២០ ឆ្នាំ មកនៅត្រឹមតែ ១ ឆ្នាំ និង ២ ខែ វិញ។
រីឯ ទោសដែលនៅសល់នឹងត្រូវព្យួរសាកល្បងរយៈពេល៣ឆ្នាំ។

លោកយន់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងឱ្យដឹងថា ជនជាប់ចោទទាំង៣នាក់នេះ មាន ឈ្មោះ ទី១- ឈ្មោះ ថុន រដ្ឋា ភេទ ប្រុស អាយុ ២៩ ឆ្នាំ, ទី២- ឈ្មោះ ឡុង គន្ធា ភេទស្រី អាយុ ២២ ឆ្នាំ, និង ទី៣ -ឈ្មោះ ភួន កែវរស្មី ភេទ ស្រី អាយុ ២១ ឆ្នាំ។

ក្នុងចំណោម ជនជាប់ចោទទាំង៣នាក់នេះ, ឈ្មោះ ថុន រដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១ កាត់ទោសឱ្យជាប់ពន្ធនាគារ កំណត់ ពេល២០ខែ និងពិន័យជាប្រាក់ ចំនួន ៤លានរៀល។ ចំណែកឯ ឈ្មោះ ឡុង គន្ធា និង ភួន កែវរស្មី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ កំណត់ ពេល១៨ខែ និងពិន័យ និង ជាប្រាក់២លានរៀល ក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

ពួកគេត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងរាជធានី ភ្នំពេញ។
លោកសំ ចំរើន ជាមេធាវីការពារក្តី អោយជនជាប់ចោទទាំង៣ បានឲ្យដឹងថាបើគិតពីថ្ងៃចាប់ខ្លួនកូនក្តី
មកទល់នឹងថ្ងៃ ប្រកាសសាលដីកា របស់តុលាការឧទ្ធរណ៍នេះ (៥ ខែ វិច្ឆិកា ឆ្នាំ ២០២១), កូនក្តីរបស់លោក នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃសុក្រនេះ។

លោកមេធាវីចំរើន បានបន្ថែមថា ក៏ប៉ុន្តែ លោកពុំបានដឹងថា តើខាងមន្រ្តីពន្ធនាគារនឹង ចាត់ការ យ៉ាងម្តេចនោះទេ??? ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×