កំពង់ឆ្នាំង ៖ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ បានលង់ទឹកស្រះជម្រៅប្រហែលជាង៦ម៉ែត្រ បាត់បង់ជីវិត ខណៈដែលរស់នៅជាមួយជីដូន គ្មានម្តាយឪពុកគ្រប់គ្រងដូចក្មេងដទៃ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្រះទឹកមួយកន្លែងខាងក្រោយផ្ទះជីដូនមាតាក្មេងរងគ្រោះ ក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង។

សពកុមារារងគ្រោះខាងលើ មានឈ្មោះ ណូ ចាន់ឌី ភេទប្រុស អាយុ ៦ឆ្នាំ ស្នាក់នៅជាមួយជីដូន ឈ្មោះ សៅ ផាត អាយុ ៦៨ឆ្នាំ នៅចំណុចកើតហេតុខាងលើ ដោយម្តាយបានរត់ចោលកូន រយៈពេល៣ឆ្នាំមកហើយ មិនដែលឃើញមកមើលថែកូននោះទេ ចំណែកឪពុកកំពុងតែជាប់នៅពន្ធនាគារ។ រូបគេនិងជីដូនរស់នៅទាំងវេទនា រកតែអង្ករច្រកឆ្នាំងស្ទើរតែមិនបានផង។
តាមប្រភពព័ត៌នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជីដូនរបស់កុមារារងគ្រោះ បានឲ្យលុយចៅប្រុស របស់គាត់ចំនួន៥០០រៀល យកទៅដាក់បាត្រលោក តែដល់ម៉ោងហូបបាយ ជីដូនបានដើរស្រែករកចៅ តែរកមិនឃើញទើបប្រទះឃើញមានស្បែកជើង របស់ចៅគាត់នៅមាត់ស្រះ ដោយមានការសង្ស័យអ្នកភូមិក៏បាននាំគ្នា ចុះជួយរាវរកចៅប្រុសរបស់គាត់ ក៏ប្រទះឃើញកុមារស្លា.ប់នៅក្នុងស្រះទឹកបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្រែថ្មី បានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពកុមារារងគ្រោះ ឲ្យទៅក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិជួយរៃអង្គាសបច្ច័យគ្នា ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម





