ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្ថសៀមរាប កាលពីរាត្រី ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួន មន្ត្រីយោធាកងវិស្វកម្មម្នាក់ និង បានបញ្ជូនខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងការបា.ញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តនៅខាងមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ កែវ វី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាទាហានកងវិស្វកម្ម ក្រសួងការពារជាតិ និង មានទីលំនៅបច្ចុប្បន្ន នៅភូមិទួលគោក សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកសង្សាររបស់ជនសង្ស័យមាន ឈ្មោះ ឈួន ចាន់ឌឿន ហៅនី ភេទស្រី ២៧ឆ្នាំ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបាននាំសង្សារទៅផឹកស៊ី នៅភោជនីដ្ឋានស្នាដៃម៉ែក្មេក៥ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ។
បន្ទាប់ពីផឹកស្រាស្រវឹង, គាត់ ក៏មានទំនាស់ពាក្យសម្ដីជាមួយសង្សារ ហើយបានចេញទៅមុខហាង ក្បែរកន្លែងចតម៉ូតូ រួចក៏ទាញកាំភ្លើងខ្លីម៉ាក G Lock19 បាញ់ផ្ចុចដីចំនួន ១គ្រាប់ រួចឡើងជិះរថយន្ត គេចខ្លួនបាត់ ។

ក្រោយឮស្នូរសំឡេងកាំភ្លើង, កម្លាំងសមត្ថកិច្ចនគរបាល ដែលល្បាតនៅជិតនោះ ក៏បានដេញតាមជនសង្ស័យ និងចាប់ខ្លួនបាន នៅក្នុងយប់កើតហេតុនោះ តែម្តង។
ក្រោយឃាត់ខ្លួន, កម្លាំងសមត្ថកិច្ចនគរបាល ដកហូតបានកាំភ្លើងខ្លី ១ ដើម និងគ្រាប់មួយចំនួន ពីជនសង្ស័យ ។
បច្ចុប្បន្ននេះ, ជនសង្ស័យ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

