តារាចម្រៀងតាមវង់តន្ត្រីស្រុកស្រែម្នាក់ ត្រូវបានបាញ់ប្រហារបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយបុរសស្រវឹងម្នាក់ដែលចង់ឃើញនាងរាំ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Samina Samoon អាយុ ២៤ ឆ្នាំ ដែលក៏ត្រូវបានគេស្គាល់ឈ្មោះថា Sameena Sindhu បានកំពុងសម្តែងច្រៀងនៅក្នុងពិធីបុណ្យមួយ នៅក្នុងភូមិ Kanga ជិត Larkana (ប៉ាគីស្ថាន) ។
វីដេអូឃ្លីបបានបង្ហាញឲ្យឃើញ Samoon អង្គុយនៅលើឆាក និងច្រៀង ។ នាងបន្ទាប់មក ក៏បានក្រោកឈរនៅច្រៀងនៅមួយកន្លែង ។
បុរស២នាក់ត្រូវបានឃើញបាចលុយដាក់នាង ខណៈនាងកំពុងច្រៀង ។
ទោះយ៉ាងណា បុរសម្នាក់មានឈ្មោះថា Tarique Ahmed Jatoi បានទាមទារឲ្យនាងគួរតែបញ្ចេញកាយវិការរាំផង ខណៈពេលកំពុងច្រៀង ។
នៅពេល Samoon ដែលមានផ្ទៃពោះ ៦ ខែ បានច្រានចោលសំណើររបស់គាត់, ស្រាប់តែបុរសនេះផ្ទុះកំហឹងដកកាំភ្លើងបាញ់ប្រហារនាង បណ្តាលឲ្យដេកដួលនៅលើឆាកតែម្តង ។
អ្នកចម្រៀងរូបនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ទីកន្លែងដែលគ្រូពេទ្យព្យាយាមសង្គ្រោះនាង និងកូនក្នុងផ្ទៃរបស់នាង ។ ប៉ុន្តែ គួរឲ្យសោកស្តាយ ពួកគេពុំអាចជួយសង្គ្រោះបាន ។
ចំណែកជនបង្ក Jatoi ដែលមានសភាពស្រវឹងនៅពេលបាញ់ប្រហារនោះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាត២ករណី ចំពោះការស្លាប់របស់ម្តាយ និងទារកមិនទាន់កើត ៕ ចន្ទី