Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់គ.ជ.ប ៖ ដំណើរការទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ

ភ្នំពេញ ៖ ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប បានបញ្ជាក់ថា ចំពោះដំណើរការទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ។ ប៉ុន្តែក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) បានជួបប្រឈមនឹងបញ្ហាមួយចំនួន។

ការបញ្ជាក់នេះ បានធ្វើឡើងនៅកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅ លទ្ធផលបណ្តោះ អាសន្ន និងបញ្ហាប្រឈម ជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ។

ឯកឧត្តម ឌុច សុន បានបន្តថា ចាប់ពីថ្ងៃទី១២ ខែតុលា រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ២៦២,៥៨៥ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ១២៩,១៩៨ នាក់ ។ អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៩១,៨៩៣ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបមានចំនួន ៧៨,១៥៩ នាក់។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) បានជួបប្រឈមនឹងបញ្ហាមួយចំនួនដូចខាងក្រោម ៖

  • សាលាឃុំ សង្កាត់ខ្លះទទួលរងគ្រោះដោយសារទឹកជំនន់ ហើយត្រូវប្តូរការិយាល័យ ចុះឈ្មោះបោះឆ្នោត មកទីតាំងមានសុវត្ថិភាព។
  • ក្រុមចុះឈ្មោះបោះឆ្នោតមួយចំនួន ពិបាកក្នុងការចល័តការិយាល័យចុះឈ្មោះតាមភូមិ ដោយសារភ្លៀងធ្លាក់ច្រើន និងផ្លូវពិបាកធ្វើដំណើរផ្លូវរអិល និងផ្លូវលិចទឹក។
  • សម្ភារ បរិក្ខារ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតមួយចំនួន ខូច គាំង ឬដំណើរការរអាក់ រអួល បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតតិចតួច។
  • តំបន់ខ្លះមានបញ្ហារអាក់រអួលផ្នែកប្រព័ន្ធអ៊ីនធឺណែត សម្រាប់ការបញ្ជូនទិន្នន័យមក គ.ជ.ប ។
  • ប្រជាពលរដ្ឋមួយចំនួនត្រូវជាប់ចត្តាឡីស័ក និងត្រូវសម្រាកព្យាបាលជំងឺកូវីដ-១៩ ហើយ ប្រជាពលរដ្ឋខ្លះខ្លាចជំងឺកូវីដ-១៩ មិនហ៊ានមកធ្វើការចុះឈ្មោះបោះឆ្នោត ។

ឯកឧត្តម ឌុច សុន បានបន្តថា ក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប ពុំទាន់បានទទួលពាក្យ បណ្តឹងណាមួយទេពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មកដល់ពេលនេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅសំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយធ្វើការចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែលគ្រប់អាយុ អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត និងការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ ច្បាស់លាស់។

មានសំណួររបស់ភាគីដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានសួរពីបញ្ហាសម្ភារកុំព្យូទ័រសម្រាប់ ចុះឈ្មោះបោះឆ្នោត ចាស់ទ្រុឌទ្រោមនោះ តើអាចប៉ះពាល់ដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតដែរ ឬទេ?

គ.ជ.ប បានបំភ្លឺដូចខាងក្រោម ៖

  • សម្ភារបម្រើឱ្យការចុះឈ្មោះបោះឆ្នោត មានរយៈពេល ៦ឆ្នាំហើយ សម្ភារខ្លះនៅសល់ គុណភាព ៣០% ខ្លះទៀតនៅសល់គុណភាព ៦០% ។ ទោះជាយ៉ាងណា គ.ជ.ប នៅតែ ខិតខំប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២១នេះ ប្រព្រឹត្តទៅចប់ចុងចប់ដើម មិនឱ្យរាំងស្ទះការងារឡើយ។
  • គ.ជ.ប មានសម្ភារបម្រុងសម្រាប់ជំនួស ហើយបញ្ជូនមន្រ្តីបច្ចេកទេសកុំព្យូទ័រពីថ្នាក់ជាតិ ទៅជួយថ្នាក់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដើម្បីបន្តជួយដល់ក្រុមចុះឈ្មោះបោះឆ្នោត ។
  • វិធានការនាពេលខាងមុខ គ.ជ.ប នឹងមានសម្ភារថ្មីដែលប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ទិញសម្ភារថ្មី ដើម្បីជំនួសសម្ភារដែលខូចប្រើលែងកើត។

ឯកឧត្តម ឌុច សុន បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីអំពាវនាវ ជូនប្រជាពលរដ្ឋខ្មែរ ឱ្យបានជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×