ប្រធានាធិបតីរុស្ស៊ីលោក ហ្លាឌីមៀរ ពូទីនបានលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតរ៉ុក្កែត មីស៊ីល និងសព្វាវុធក្នុងស្រុកឱ្យបន្តផលិតកាំជ្រួចល្បឿនលឿនជាងសំឡេង និងអាវុធឡាស៊ែរថាមពលខ្លាំងសម្រាប់បម្រើដល់កងទ័ពក្នុងប្រទេសឱ្យបានច្រើន។
ក្នុងជំនួបប្រជុំនាពេលថ្មីៗនេះជាមួយមន្ត្រីរុស្ស៊ី លោកពូទីនបានថ្លែងថា លោកនឹងពង្រឹងសមត្ថភាពយោធារបស់ប្រទេសជាតិជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ខណៈនាពេលថ្មីៗនេះ លោកក៏បានទើបតែបាន សម្ពោធសព្វាវុធថ្មីរបស់រុស្ស៊ីដូចជា កាំជ្រួចល្បឿនលឿនជាងសំឡេង Avangard និងKinzhal និងប្រព័ន្ធឡាស៊ែរប្រភេទ Peresvetឱ្យពិភពលោកបានឃើញផងដែរ។
ក្នុងនោះ មន្ត្រីរដ្ឋាភិបាលរុស្ស៊ីក៏បានបញ្ជាក់ជាផ្លូវការដែរថា កាំជ្រួចល្បឿនលឿនជាងសំឡេងរបស់រុស្សីមួយផ្សេងទៀត ដែលបានបំពាក់លើនាវាចម្បាំង និងនាវាមុជទឹក ជិតបញ្ចប់ការសាកល្បងហើយ។ ក្នុងនោះ មន្ត្រីរដ្ឋាភិបាលលោកពូទីនបានលើកឡើងថា អាវុធទាំងអស់ខាងដើម នឹងអាចហោះហើរក្នុងល្បឿនប្រាំបួនដងនៃសំឡេងរបស់វា ហើយវាអាចវាយចំគោលដៅរហូតដល់ ១ពាន់គីឡូម៉ែត្ររឺស្មើ៦២០ ម៉ាយក្នុងរយៈចម្ងាយ។
ស្របគ្នានេះដែរ លោកពូទីនបានចាត់ទុកថា ប្រព័ន្ធសព្វាវុធថ្មីៗរបស់ខ្លួនអាចបំបែកការវាយប្រហារពីប្រទេសផ្សេងៗ និងដើម្បីធានាអំពីសន្តិសុខសុវត្ថិភាពសង្គមជាតិ ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខ។
បន្ថែមពីនេះ លោកបានពន្យល់ថា៖«វាមានសារៈសំខាន់ជាពិសេសក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ការបង្កើតអាវុធលឿនជាងសំឡេងថ្មី ឡាស៊ែរថាមពលស្តង់ដារខ្ពស់ និងភាពឆ្លាតរបស់មនុស្សយន្ត ដែលសម្ភារៈសព្វាវុធទាំងអស់នេះ នឹងមានសមត្ថភាពទប់ទល់ទៅនឹងការគំរាមកំហែងផ្នែកយោធាប្រកបដោយប្រសិទ្ធភាព និងពង្រឹងសន្តិសុខរបស់ប្រទេសបន្ថែមទៀត។» ហើយបន្ថែមពីលើកាំជ្រួច និងអាវុធឡាស៊ែរ លោកពូទីនបានជំរុញឱ្យក្រុមហ៊ុនផលិតក្នុងស្រុកបន្តអភិវឌ្ឍអាវុធទំនើបៗផ្សេងទៀតសម្រាប់បម្រើដលើផ្នែកយោធារបស់ខ្លួន៕ ប្រភព៖ The Defense Post