ប្រទេសចិននឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើប្រជាជនណាដែលគាំទ្រឱ្យតៃវ៉ាន់ទទួលបានឯករាជ្យពេញលេញ។ វិធានការច្បាប់ដែលបានលើកឡើងដោយភាគីចិននេះ គឺជាទោសព្រហ្មទណ្ឌមួយជីវិត។ នេះបើតាមអ្នកនាំពាក្យការិយាល័យកិច្ចការអន្តរជាតិចិនធ្វើការលើកោះតៃវ៉ាន់កាលពីថ្ងៃសុក្រ។
មែនទែនទៅ នេះគឺជាលើកទី១ ដែលប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់នូវទណ្ឌកម្មដ៏ធ្ងន់ធរមួយនេះ ទៅកាន់ប្រជាជនតៃវ៉ាន់ដែលគាំទ្រតៃវ៉ាន់ទទួលបានឯករាជ្យពេលលេញ និងមានមុខលើកិច្ចប្រជុំធំៗរបស់អន្តរជាតិ ខណៈភាពតានតឹងរវាងចិនដីគោក និងកោះតៃវ៉ាន់ដែលព្យាយាមទាមទារយកឯករាជ្យកំពុងកើនឡើងកម្តៅយ៉ាងខ្លាំង។
ជាក់ស្តែង ការិយាល័យខាងដើមបានបញ្ចេញឈ្មោះនូវថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលតៃវ៉ាន់មួយចំនួនដូចជា អនុប្រធានាធិបតីលោក ស៊ូ សេង ចាំង ប្រធានសភាលោក យ៊ូ ស៊ីកុន និងរដ្ឋមន្ត្រីលោក ចូសេប វ៉ូ ថា ជាមនុស្សដែលរឹងរូស និងបានកត់ត្រាឈ្មោះចូលក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួនជាលើកដំបូង។
បើតាម អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ លោកស្រី ស៊ូ វ៉េងលៀនបានថ្លែងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ៖«ចិននឹងដាក់ទណ្ឌកម្មទៅលើបុគ្គលដែលមានឈ្មោះក្នុងបញ្ជីរបស់ចិន ដោយមិនអនុញ្ញាតឱ្យពួកគេចេញចូលចិនដីគោក និងតំបន់រដ្ឋបាលពិសេសស្វ័យតហុងកុង និងម៉ាកាវនោះទេ។»
លោកស្រីបន្តថា៖«បុគ្គលដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់ចិនដីគោកនឹងអនុញ្ញាតឱ្យពួកគេមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយប្រជាជនដែលរស់នៅក្នុងចិនដីគោកឡើយ និងមិនឱ្យក្រុមហ៊ុនចូលមករកស៊ីនៅក្នុងប្រទេសចិនផងដែរ។»
លោកស្រីស៊ូបានលើកឡើងថា៖«ចិននឹងចាត់វិធានការចាំបាច់ដើម្បីប្រឆាំងជាមួយបុគ្គលទាំងអស់នេះ។»
លោកស្រីបញ្ជាក់ទៀតថា សាររបស់ប្រទេសចិនគឺចង់ផ្តល់ទៅកាន់អ្នកដែលគាំទ្រឱ្យតៃវ៉ាន់ទទួលបានឯករាជ្យ។ ក្នុងនោះចិនបានចាត់ទុកថា អ្នកដែលគាំទ្រសកម្មភាពទាំងអស់នេះ គឺជាបុគ្គលដែលភ្លេចដូនតារបស់ខ្លួន ក្បត់ប្រទេសជាកំណើត និងចង់បំបែកប្រទេសចេញជាពីរ ជាបី។ បន្ថែមពីនេះ ចិនក៏បានលើកឡើថា បុគ្គលបែបនេះនឹងត្រូវបានប្រវត្តិសាស្ត្រវិនិច្ឆ័យ ហើយក៏មិនបញ្ចប់ដោយងាយៗនោះឡើយ៕ ប្រភព៖ រ៉យទ័រ