ភ្នំពេញ-បន្ទាប់ពីបញ្ចេញភាពផ្អែមល្ហែមតាមបណ្តាញសង្គមហ្វេសប៊ុក Suprise Birthday ជូនដល់ភរិយាជាទីស្រលាញ់ លោក ជា វិបុល ពិធីករដ៏ល្បីល្បាញលំដាប់ប្រទេស បានដឹកដៃភរិយា ទៅកម្សាន្តក្រៅប្រទេស ដែលអបជាមួយការងារ ស្ថិតក្នុងត្រានៅឡើយ និងបន្តជជែកអំពីរការងារសម្រាប់ឆ្នាំ២០១៩ បន្ថែមទៀត។
ពិធីករមួយគូនេះ ត្រូវបានគេបង្ហើបថា ចេញដំណើរកម្សាន្តផង រួមជាមួយការងារផង ដើម្បីមិនឲ្យខាតពេល ខណៈ ដែលការងារដែលត្រូវតែបន្ត មានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី។
លោក ទឹម សុវណ្ណារ៉ា អគ្គនាយកក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត បានឆ្លើយឆ្លងតាមសារអេឡិចត្រូនិច ថា ដោយកិច្ចសហការវាងអ្នកនាង គង់ សុជាតិ មានរយៈពេលមួយឆ្នាំកន្លងមក មានភាពរលូនទៅបានយ៉ាងល្អ។ ដូច្នេះហើយ បានជាក្រុមហ៊ុនរបស់លោក នៅតែចង់បន្តការងារដដែលនេះ បន្ថែមទៀតស្របពេលដែលអ្នកនាង និង ស្វាមី ទៅសម្រាកលំហែរនៅសិង្ហបុរី អីចឹងលោកក៏ណាត់សុំជួបនិយាយ អំពីការងារបន្ថែមតែម្តង។
លោកថា ដោយសារតែអ្នកនាង មកទីនេះស្រាប់ អីចឹង នេះក៏ជាដំណើរទស្សនកិច្ចមួយ របស់អ្នកតំណាងផលិតផល នៅរោងចក្រ ផលិតម្សៅទឹកដោះគោ នូទ្រីលេត។ លោកបន្តថា រួមជាមួយដំណើរ កម្សាន្ត ក្នុងឱកាសថ្ងៃកំណើត ផង អ្នកនាង ក៏បានចុះកិច្ចសន្យាថ្មីសម្រាប់ឱកាសការងារថ្មីនាឆ្នាំ ២០១៩ ខាងមុខផងដែរ។
ងាកមកជីវិតស្នេហា វិញ ពិធីករ ទាំងពីរដួងនេះ បានបញ្ចេញភាពស្អិតរមួត ស្ទើរតែគ្រប់ពេលដែលពួកគេមានពេលទំនេរនៅជាមួយគ្នា។ ការស្និទ្ធស្នាល ផ្អែមល្ហែមនេះ បានធ្វើឲ្យមតិមហាជន លើកសរសើរមិនដាច់ពីមាត់ថា អ្នកនាង គង់ សុជាតិ ពិតជាមានសំណាងនិងជោគជ័យគ្រប់យ៉ាង មិនថា ជីវិតស្នេហា ការងារ និងទ្រព្យសម្បត្តិនោះទេ ពោលគឺជីវិតរបស់អ្នកនាង អាចប្រៀបបានថា ក្រោយពេលភ្លៀង មេឃនឹងស្រឡះ។ ព្រោះសូម្បី តែថ្ងៃកំណើត អ្នកនាង ត្រូវបានស្វាមី វ័យក្មេងនាំដើរលេងក្រៅប្រទេសបន្ថែមភាពកក់ក្តៅសម្រាប់ជីវិតស្នេហារបស់ពួកគេ។ ក្រោយពេលដែលពួកគេប្រើជីវិតរួមគ្នា និង មានតំណក់ឈាម ជាកូនស្រីដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់មួយរូប៕ ដោយ-បញ្ញាសាស្ត្រ