ភ្នំពេញ៖ ស្ថិតក្នុងបរិបទនៃវិបត្តិកូវីដ-១៩ នេះ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះ ទេ ប៉ុន្តែកម្ពុជាថែមទាំងបានចាប់យកឱកាសនេះដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្មនិងស្បៀងអាហារប្រកបដោយគុណភាព និង សុវត្ថិភាពទៅទីផ្សារក្នុងតំបន់និងពិភពលោកទៀតផង។ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការប្តេជ្ញាចិត្ត និងដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ដោយផ្អែកលើលទ្ធផលកិច្ចសន្ទនា និងការវិភាគស្តីពីប្រព័ន្ធស្បៀង ហើយបានផ្សារភ្ជាប់នឹងក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រនានាដែលមានស្រាប់។
តាមរយៈសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៨ ដែលតែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។
ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី៨ ក្រោមប្រធានបទ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន ដែលបានរួមគ្នារៀបចំទិវាជាតិដ៏មាន សារៈសំខាន់នេះ។ ទិវាជាតិអាហារូបត្ថម្ភត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោល បំណងផ្សព្វផ្សាយអប់រំនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយនៅទូទាំងប្រទេសអំពី សារៈសំខាន់នៃវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើន ប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម។
ទិវាជាតិអាហារូបត្ថម្ភឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ “ការពង្រឹងប្រព័ន្ធ សៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នៅពេលដែលប្រព័ន្ធស្បៀងក្នុងពិភពលោកកំពុងទទួលរងផលប៉ះពាល់ដោយការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងវិបត្តិនានា និងស្របពេលដែលអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង នៅទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដើម្បីផ្ដល់ឱកាសឱ្យរដ្ឋជាសមាជិក របស់អង្គការសហប្រជាជាតិទាំងអស់ និងថ្នាក់ដឹកនាំកំពូលៗរបស់អង្គការនានានៅក្នុងពិភពលោក បង្ហាញពី ការប្តេជ្ញាចិត្ត ដាក់ចេញផែនការសកម្មភាព ដើម្បីស្ដារសេដ្ឋកិច្ចនិងសង្គមឡើងវិញពីវិបត្តិកូវីដ-១៩ និងរៀបចំ ផនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធសៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀង កាន់តែមានភាពរឹងមាំ និងកាន់តែមានសមធម៌ មានចីរភាពសេដ្ឋកិច្ច ចីរភាពសង្គម និងចីវភាពបរិស្ថាន ហើយជាចុងក្រោយជំរុញឱ្យមានវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧ របស់អង្គការ សហប្រជាជាតិ សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។

ដោយឡែកសម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង ដ៏មានសារៈសំខាន់នេះ និងបានបង្ហាញពីការប្តេជ្ញាចិត្ត និងដាក់ចេញនូវ ផែនទីបង្ហាញផ្លូវសម្រាប់ ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ដោយផ្អែកលើលទ្ធផលកិច្ចសន្ទនានិង ការវិភាគស្តីពីប្រព័ន្ធស្បៀង ហើយបានផ្សារភ្ជាប់នឹងក្របខ័ណ្ឌគោលនយោបាយនិងយុទ្ធសាស្ត្រនានាដែល មានស្រាប់។ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ដែលផ្តល់នូវសន្តិសុខស្បៀងនិង អាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប គិតគូរពីចីរភាពសេដ្ឋកិច្ច ចីរភាពសង្គម និងចីរភាពបរិស្ថាន រាជរដ្ឋាភិបាល បានដាក់ចេញនូវអាទិភាពចំនួន ៤ ដូចខាងក្រោម៖
ទី១- ការលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នាដើម្បីបំបែកវដ្ដអន្តរជំនាន់នៃបញ្ហា អាហារូបត្ថម្ភ រាជរដ្ឋាភិបាលនឹងបន្តខិតខំធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីធានាឱ្យមានរបបអាហារសុខភាព និងអាហារសុវត្ថិភាព ងាយស្រួលអាចរកបាន ដើម្បីឆ្លើយតបចំពោះបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។ ដើម្បីធ្វើ ឱ្យសម្រេចគោលដៅនេះ ទាមទារឱ្យមានការធ្វើសកម្មភាពជាពហុវិស័យ តាមរយៈការផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការពង្រីកការទទួលបានសេវាសុខភាពនិងសេវាអាហារូបត្ថម្ភ ជាពិសេសសម្រាប់ម្ដាយ និង កុមារអាយុក្រោមពីរឆ្នាំ ដោយផ្តោតលើការជំរុញការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ព្រមទាំង ផ្តល់អាហារបន្ថែមចម្រុះមុខដល់ទារកនិងកុមារតូចឱ្យបានគ្រប់គ្រាន់ និងការបង្កើនរបបអាហារចម្រុះសម្រាប់ ម្ដាយ ការបង្កើតឱកាសការងារ ការលើកកម្ពស់ចំណេះដឹងអ្នកប្រើប្រាស់និងការអប់រំ ការធ្វើទំនើបកម្មវិស័យ កសិកម្មនិងខ្សែច្រវាក់តម្លៃស្បៀង រួមមាន ការបញ្ចូលមីក្រូសារជាតិទៅក្នុងអាហារ ការធ្វើពិពិធកម្មគ្រប់មុខ ដំណាំប្រកបដោយបរិយាប័ន្ននិងការប្រកួតប្រជែង ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងការរៀបចំទម្លាប់រស់នៅ ប្រកបដោយអនាម័យ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការពង្រឹងគុណភាពប្រព័ន្ធនានា ដូចជា ប្រព័ន្ធកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន និងប្រព័ន្ធគាំពារសង្គម។
ទី២- ការលើកកម្ពស់ភាពអង់អាចរបស់យុវជន ស្ត្រី និងជនងាយរងគ្រោះ រាជរដ្ឋាភិបាលនឹងបន្ត អនុវត្តសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ បង្កើតការងារសមរម្យ អភិវឌ្ឍន៍សហគ្រិន និងផ្តល់ឱកាសការងារ ដល់យុវជន ស្រ្តី និងជនងាយរងគ្រោះ និងផ្ដល់ឱកាសសម្រាប់យុវជនចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍ និងគាំទ្រដល់ជនងាយរងគ្រោះ យុវជន និងស្ត្រីដែលជាម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម និងពង្រឹងនិងពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ ក្នុងនិងក្រៅប្រព័ន្ធ និងសមាគមយុវជននិងសមាគមស្ត្រី ដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធស្បៀងដែលកំពុងមាន ការផ្លាស់ប្ដូរ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ទី៣- ការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបទៅនឹងវិបត្តិនិងបញ្ហានានាដែលអាចកើតឡើងនៅពេលអនាគត រាជរដ្ឋាភិបាលនឹងបន្តធ្វើសកម្មភាព ដើម្បីដោះស្រាយភាពងាយ រងគ្រោះនិងកាត់បន្ថយភាពក្រីក្រ ពង្រឹងភាពធន់របស់តួអង្គពាក់ព័ន្ធ ពង្រឹងបណ្តាញការងារនិងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីគាំទ្រដល់មុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀង។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់សហគមន៍ជនជាតិ ដើមភាគតិច យុវជន ស្ត្រី កសិករខ្នាតតូច និងសហគ្រាសខ្នាតតូចនិងមធ្យម ក្នុងវិស័យផលិតកម្មនិងការក ច្នៃស្បៀងអាហារ ដើម្បីពង្រឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទសម្រាប់បង្កើនភាពធន់។ លើសពី
នេះ រាជរដ្ឋាភិបាលនឹងបន្តប្រើប្រាស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កម្មវិធីជំនួយសង្គម អនុវត្តគោលការណ៍សុខ ភាពតែមួយ (One-Health) ដើម្បីឆ្លើយតបទៅនឹងវិបត្តិនានា។
ទី៤- ការពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន រាជរដ្ឋាភិបាលនឹងបន្ត រៀបចំកិច្ចសន្ទនា ការសម្របសម្រួល និងការសហការជាមួយនឹងគ្រប់តួអង្គពាក់ព័ន្ធទាំងនៅថ្នាក់អន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងសហគមន៍ ព្រមទាំងពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍កសិករ និងគ្រឹះស្ថានសិក្សានានា ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ពិសេសជនងាយរងគ្រោះនិងជនជាតិដើមភាគតិច។ រាជរដ្ឋាភិបាល នឹងបន្តរៀបចំបង្កើត និងពង្រឹងក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ រាជធានីខេត្ត រៀបចំទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ និងរៀបចំបង្កើតក្រុមយុវជនជើងឯកអាហារូបត្ថម្ភ។ ទន្ទឹមនោះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តនិងស្តង់ដាដែលមានស្រាប់ ពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាពនិងគុណភាពស្បៀង និងជំរុញការអនុម័តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធស្បៀង។
ស្ថិតក្នុងបរិបទនៃវិបត្តិកូវីដ-១៩ នេះ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះ ទេ ប៉ុន្តែកម្ពុជាថែមទាំងបានចាប់យកឱកាសនេះដើម្បីពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការ ជាបន្តបន្ទាប់ ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្មនិងស្បៀងអាហារប្រកបដោយគុណភាព និង សុវត្ថិភាពទៅទីផ្សារក្នុងតំបន់និងពិភពលោកទៀតផង។ រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ ដោយឈរលើ កត្តាសន្តិភាពនិងស្ថិរភាពនយោបាយ ដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំឈានទៅសម្រេចបាន ចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។
រាជរដ្ឋាភិបាលបាននិងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក ដូចជា៖ ការដាក់ចេញសេចក្ដីថ្លែងការណ៍រួមស្តីពីអាហារូបត្ថម្ភ ក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវផែនការសកម្មភាព សកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ ការចូលជាសមាជិកនៃចលនាបង្កើនអាហារូបត្ថម្ភ ពិភពលោក (Global SUN Movement) អាហារូបត្ថម្ភដើម្បីការលូតលាស់និងកំណើន (Nutrition for Growth) កិច្ចសន្ទនាស្តីពីប្រព័ន្ធស្បៀង និងការអនុវត្តនូវគំនិតផ្តួចផ្តើមស្ដីពីការកាត់បន្ថយភាពអត់ឃ្លានឱ្យ ដល់កម្រិតសូន្យរបស់អង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលនឹង បន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់ដ៏មានសារៈសំខាន់ មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ រាជរដ្ឋាភិបាលនឹងបន្តខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានា ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងភាពងាយរងគ្រោះ វិបត្តិ និងបញ្ហាផ្សេងៗ ការពារបរិស្ថាននិងជួយកាត់បន្ថយផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង។
សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទជាសេនាធិការក្នុងការសម្របសម្រួលលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និង ប្រព័ន្ធស្បៀង ដោយបង្កើនការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនានា នៅក្នុង យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ និងនៅក្នុងផែនទីបង្ហាញ ផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ពិសេសគោលដៅទី២ គឺ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើក កម្ពស់កសិកម្មប្រកបដោយចីរភាព៕ រក្សាសិទ្ធិដោយ ៖ កូលាប

