ភ្នំពេញ ៖ ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្ត នៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖ ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣៧,៦៤១ នាក់ រាជធានីភ្នំពេញទទួលបានភ្ញៀវ ៣៥,២១០ នាក់ ខេត្តកំពតទទួលបានភ្ញៀវ ១៦,៥០១ នាក់ ខេត្តសៀមរាបទទួលបានភ្ញៀវ ១៥,១០០ នាក់ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវ ១០,៤៤៧ នាក់។
ជាការកត់សម្គាល់របស់ឯកឧត្ដម ថោង ខុន ទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិ ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុង នៅតែមានភាពសកម្ម នៅរៀងរាល់ចុងសប្តាហ៍។
ឯកឧត្ដមបានបន្តថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវទេសចរ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានផ្អាកសកម្មភាពកន្លងមក ក៏បានរៀបចំដើម្បីទទួលភ្ញៀវទេសចរ ក៏ដូចជាត្រៀមខ្លួនទទួលភ្ញៀវទេសចរ នាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកខាងមុខផងដែរ។

ចំពោះការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានសង្កេតឃើញថា ទាំងម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរមានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានាកាន់តែសកម្ម ពិសេសវិធានការ «៣កុំ និង ៣ការពារ» ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្ម៕ រក្សាសិទ្ធិដោយ ៖ កូលាប













