ភ្នំពេញ ៖ ក្នុងកិច្ចជំនួបពិភាក្សា ស្ដីពី ការបង្កើតមជ្ឈមណ្ឌលម្ហូបអាហារនៅកម្ពុជា ជាមួយវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) កាលពីពេលថ្មីៗនេះ ភាគីកូរ៉េបានស្នើសុំកិច្ចសហការមួយចំនួនជាមួយកម្ពុជា ដូចជាការផ្តល់ទិន្នន័យ និងទីតាំងបង្កើតរោងចក្រគំរូខ្នាតតូច មន្ទីរពិសោធន៍ បន្ទប់ប្រជុំ និងបណ្តុះបណ្តាលជាដើម ដើម្បីពង្រីកវិស័យម្ហូបអាហារនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលម្ហូបអាហារនៅកម្ពុជានេះ គឺកម្ពុជាយើងគាំទ្រខាងភាគីកូរ៉េ និងប្ដេជ្ញាធ្វើសហការគ្នាជាមួយភាគីកូរ៉េ ក្នុងការសិក្សាបង្កើតមជ្ឈមណ្ឌលម្ហូបអាហារនេះឡើង (FTC) ដើម្បីជួយឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា ការច្នៃម្ហូបអាហារនៅកម្ពុជា ជាវិស័យសំខាន់មួយដែលរដ្ឋាភិបាល កំពុងយកចិត្តដាក់ ដើម្បីឱ្យការកែច្នៃម្ហូបអាហារប្រកបដោយគុណភាព និងស្តង់ដារ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ព្រមទាំងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន , ហើយនៅពេលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក៏ត្រូវបានម្ហូបអាហារទាំងនេះទាក់ទាញផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំឱ្យភាគីកូរ៉េពិនិត្យលទ្ធភាពយកទីតាំង អគារចំនួន២ មានកំពស់៧ជាន់ដូចគ្នា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ដែលអាគារទាំងពីរនោះ ជាទីតាំងធ្វើការរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក៏ជាទីតាំងបម្រុងសម្រាប់បំពាក់ឧបករណ៍មន្ទីរពិសោធន៍ឧស្សាហកម្មផងដែរ។
សូមបញ្ជាក់ថា ការពិភក្សាគ្នបង្កើតមជ្ឈមណ្ឌលម្ហូបអាហារនៅកម្ពុជានេះធ្វើឡើងក្នុងជំនួប រវាង ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ លោក KIM Young Chan នាយកគម្រោងនៃ វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) និងលោក CHEONG Jin Woong អ្នកប្រឹក្សាយោបល់ កាលពីពេលថ្មីនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









