Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិន មែនធនាគារបានអនុម័តជាគោលការណ៍លើ សេចក្តីព្រាងអនុក្រឹត្យស្តីពី ការធានារ៉ាប់រង

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សា អ.ស.ហ. លើកទី៥ នៃអណត្តិទី១​តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃក្រុមប្រឹក្សា អ.ស.ហ.។​

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន សេចក្តីព្រាងអនុក្រឹត្យស្តីពី ការធានារ៉ាប់រង និងសេចក្តីព្រាងប្រកាសស្តីពី វិធានគោលក្នុងការគ្រប់គ្រង ការរៀបចំនិងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច។

សេចក្តីព្រាងអនុក្រឹត្យស្តីពី ការធានារ៉ាប់រង ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃច្បាប់ស្តីពីការធានារ៉ាប់រង ដែលបានអនុម័តក្នុងឆ្នាំ ២០១៤ អនុក្រឹត្យស្តីពីពីការធានារ៉ាប់រង ដែលបានដាក់ឲ្យអនុវត្តនៅក្នុងឆ្នាំ ២០២១ គោលការណ៍គ្រឹះធានារ៉ាប់រង និងការសិក្សាអំពីច្បាប់និងបទប្បញ្ញត្តិ នៃវិស័យធានារ៉ាប់រងរបស់បណ្តាប្រទេសក្នុងតំបន់។

សេចក្តីព្រាងអនុក្រឹត្យនេះមាន ៦ជំពូក និង ១១៥ មាត្រា ដោយតាក់តែងឡើងក្នុងគោលបំណងកំណត់នូវវិធាន នីតិវិធី និងនិយាម សម្រាប់ការគ្រប់គ្រងនិងការ​ត្រួតពិនិត្យសកម្មភាពធានារ៉ាប់រង សំដៅធានានូវអភិបាលកិច្ចល្អ ប្រសិទ្ធភាព ការប្រគួតប្រជែងដោយស្នើភាពនិងស្មោះត្រង់ ការពារផលប្រយោជន៍ និងការបង្កើនទំនុកចិត្តដល់សាធារណជនក្នុងវិស័យធានារ៉ាប់រង។

ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានផ្តល់អនុសាសន៍ឲ្យកែសម្រួលលើចំណុចគន្លឹះៗមួយចំនួន និងបានអនុម័តជាគោលការណ៍លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ ព្រមទាំងបានណែនាំឲ្យយកសេចក្តីព្រាងអនុក្រឹត្យនេះដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្រ្តី មុននឹងគោរពស្នើសុំការពិនិត្យ សម្រេចដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី។ ជារួម អង្គប្រជុំនៅថ្ងៃនេះ បានអនុម័តជាគោលការណ៍លើរបៀបវារៈចំនួន ១ ប៉ុណ្ណោះ គឺសេចក្តីព្រាងអនុក្រឹត្យស្តីពី ការធានារ៉ាប់រង៕

×