ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាបាន ទទួលឯករាជ្យពេញបរិបូរណ៌ ពីអាណានិគមនិយមបារាំង នៅថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោម ព្រះរាជបូជនីយកិច្ច ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ ភ្លាមៗបន្ទាប់ពីបានទទួល ឯករាជ្យព្រះករុណា ព្រះបរមរតនកោដ្ឋ បានព្រះសរសេរលិខិតផ្លូវការ ទៅរដ្ឋាភិបាលសាធារណរដ្ឋបារាំង ដោយទ្រង់ប្រកាសបញ្ជាក់ថាៈ «ចាប់ពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ តទៅគឺកម្ពុជាជាប្រទេសឯករាជ្យមួយមិនស្ថិតនៅក្រោមអាណានិគម របស់ប្រទេសណាមួយនោះឡើយ ហើយកម្ពុជានឹងស្រឡាញ់រាប់អានបារាំង ក្នុងឋានៈជាប្រទេសឯករាជ្យដូចគ្នា»។

នៅលើទំព័របណ្តាញសង្គមព្រះបរមរាជវាំង Royal du Cambodge ធ្លាប់បានដកស្រង់នូវព្រះរាជឱង្ការ នៃព្រះបិតាឯករាជ្យដែលមាន ខ្លឹមសារជាអាទិ៍ថា «ខ្ញុំជឿជាក់ថា ការរួបរួមគ្នា របស់យើងជាធ្លុងមួយនេះ នឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើងឲ្យឆ្លងសមុទ្រ គ្រោះថ្នាក់ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល »។
យើងសូមចងចាំ និងសូមសម្តែងនូវអភិវន្ទកិច្ចប្រកបដោយគុណូបក្ការៈដោយស្មោះបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមេយនកោដ្ឋ ព្រះបិតាឯករាជ្យជាតុ និងបុព្វបុរសខ្មែរ ដែលបានតស៊ូធ្វើពលិកម្មយ៉ាងធំធេង ក្នុងបុព្វហេតុទាមទារឯករាជ្យ និងកសាងមាតុភូមិកម្ពុជា។
យើងជឿជាក់យ៉ាងមុតមាំថា ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី របស់ជាតិមួយ គឺមានសារសំខាន់និងតម្លៃដែលគ្មានអ្វីប្រៀបប្រដូចបានឡើយ ហើយដោយផ្តើមចេញពីចំណុចនេះធ្វើឱ្យប្រជាពលរដ្ឋមានកិត្តិយស សេចក្ដីថ្លៃថ្នូរ សេរីភាព សិទ្ធិស្វ័យសម្រេច ដើម្បីកសាងជាតិឆ្ពោះទៅរកត្រើយសុភមង្គល និងភាពថ្កុំថ្កើងរុងរឿង ហើយនិងការ គោរព សិទ្ធិមនុស្ស សេរីភាព នីតិរដ្ឋ និងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពិតប្រាកដ។

យើងជឿជាក់ផងដែរថា ការកសាងទំនុកទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ និងក្នុងចំណោមអ្នកនយោបាយខ្មែរស្រឡាញ់សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃឯកភាពជាតិ ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាពតរៀងទៅ។
យើងសូមថ្វាយមហាព្រះរាជកុសល ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានធ្វើរះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តម ក្នុងការទាមទារឯករាជ្យភាពពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕ រក្សាសិទ្ធិដោយ ៖ កូលាប














