Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមឈ្មួញយកគ្រឿងចក្រ ទៅជីកកកាយដីភ្នំដឹកលក់ យ៉ាងគគ្រឹកគគ្រេង ក្នុងក្រុងប៉ៃលិន ខណៈមន្ត្រីជំនាញ និងអាជ្ញាធរក្រុងប៉ៃលិនថា ចាំឱ្យមន្ត្រីចុះទៅពិនិត្យមើល

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញដីភ្នំមួយកន្លែង នៅជាប់នឹងផ្លូវក្រាលកៅស៊ូមួយខ្សែឆ្ពោះទៅស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កំពុងទទួលរងការបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញ ដោយយកគ្រឿងចក្រ ទៅជីកកកាយដឹកលក់យ៉ាងគគ្រឹកគគ្រេង នៅតាមភូមិនានា ក្នុងក្រុងប៉ៃលិន ខណៈឈ្មួញលើកឡើងថា ម្ចាស់ដីភ្នំនេះ គេមានប្លង់រឹងត្រឹមត្រូវ រីឯមន្រ្តីជំនាញ និងអាជ្ញាធរក្រុងប៉ៃលិនថា នឹងចាត់ឱ្យមន្រ្តីជំនាញចុះទៅពិនិត្យមើល ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានបង្ហើបឱ្យភ្នាក់ងារសារព័ត៌មានដឹងថា ៖ អស់រយៈពេលជាច្រើនថ្ងៃមកហើយ គេឃើញឈ្មួញម្នាក់ ឈ្មោះ ប៉ូច តុលា រស់នៅក្នុងក្រុងប៉ៃលិន បានយកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅជីកកកាយដីភ្នំក្បែរផ្លូវ ដឹកលក់យ៉ាងអនាធិបតេយ្យ បណ្តាលឱ្យជ្រុះរាយប៉ាយ នៅលើដងផ្លូវ ធ្វើឱ្យហុយកម្ទេចធូលីប៉ះពាល់ដល់ផ្លូវដង្ហើមអ្នកបើកបរម៉ូតូទៅមក ។

ប្រភពបន្តទៀតថា ភ្នំដែលជាសម្បត្តិរបស់រដ្ឋ មិនគួរណាអាជ្ញាធរក្រុង និងមន្រ្តីជំនាញនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត បើកដៃឱ្យឈ្មួញជីកយកទៅលក់នៅតាមភូមិនោះឡើយ ទោះបីជាមានប្លង់រឹង ឬយ៉ាងណាក៏គួរទុកឱ្យដើមឈើដុះលូតលាស់ ដើម្បីទាក់ទាញទឹកភ្លៀងសម្រាប់ស្រោចស្រព្វមកលើផែនដី កុំឱ្យប្រែប្រួលអាកាសធាតុជាដើម ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានប្រាប់ភ្នាក់ងារយើងឱ្យដឹងថា ៖ ខាងលោកមិនទាន់ដឹងរឿងនេះច្បាស់ទេ ប្រហែលជាគេមានប្លង់រឹង ឬយ៉ាងណា ទើបហ៊ានយកគ្រឿងចក្រទៅជីកកកាយដីភ្នំខាងលើ តែខាងលោកនឹងចាត់ឱ្យមន្រ្តីក្រោមឱវាទចុះពិនិត្យមើល ដើម្បីណែនាំ ។

ចំណែកលោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានឱ្យដែរថា ៖ ខាងលោកកំពុងជាប់រវល់ តែពេលទទួលបានដំណឹងខាងលើនេះ នឹងចាត់ឱ្យមន្រ្តីក្រោមឱវាទចុះពិនិត្យមើល នៅថ្ងៃខាងមុខនេះ ដើម្បីណែនាំឱ្យធ្វើតាមច្បាប់ផងដែរ ៕

×