ភ្នំពេញ ÷ បុរសម្នាក់បានបាក់ជើងទាំងសងខាង រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនជាន់ហ្វ្រាំង មិនជាប់ជ្រុលទៅបុ.ករថយន្ត mazda បត់ឆ្លងផ្លូវ កាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្ត mazda ស៊េរីទំនើបពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BM-4662 បើកបរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខបុរីប៉េងហ៊ួតបានបត់ឆ្លងផ្លូវ បម្រុងចូលបុរី ខណៈបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខ ព្រៃវែង 1L-1670 ជិះក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុកពីចំហៀងមុខ ខាងស្តាំបណ្តាលឲ្យដួលផ្ទប់ រថយន្តបា.ក់ជើងទាំងសងខាង ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកតៃកុងរថយន្តនៅកន្លែងកើតហេតុ រង់ចាំការដោះស្រាយជាមួយជនរងគ្រោះ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





