ភ្នំពេញ ៖ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីការបរទេស និងកិច្ចការនារីអូស្ត្រាលី បានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលត្រូវទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២, ហើយលោកស្រី អះអាងថា អូស្រ្តាលីនឹងជួយកម្ពុជាឱ្យទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យក្រុមអ្នកព័ត៌មានដឹងថា លោកស្រី ម៉ារីស ផែន បានថ្លែងថា លោកស្រីពេញចិត្ត និងរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី និងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌទ្វេភាគី និងពហុភាគី។
មានប្រសាសន៍ទៅកាន់ លោកស្រី ម៉ារីស ផែន ក្នុងជំនួបសន្ទនា គ្រាដែលលោកស្រីមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អូស្ត្រាលីនឹងចូលរួមជាប្រទេសសមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅរកការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពីរងការកាត់ផ្តាច់ដោយសារជំងឺកូវីដ-១៩មួយរយៈ។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅនេះ ថ្នាក់ដឹកនាំអាស៊ាន បានឯកភាពបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយរវាងអាស៊ាន និងអូស្រ្តាលី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការជាមួយអូស្រ្តាលី ដើម្បីឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះមានប្រសិទ្ធភាព។

ងាកមកកម្ពុជាវិញ ចាប់តាំងពី អូស្រ្តាលី និងកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២, ពាណិជ្ជកម្មរវាងអូស្រ្តាលី និងកម្ពុជា គឺមានការកើនឡើងយ៉ាងឆាប់រហ័ស ជាក់ស្ដែងក្នុងឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានទំហំសរុប ៤៣២.៤លានដុល្លារ កើនឡើង ២១.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
ទំនិញអូស្រ្តាលី ដែលនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ កើនឡើង ៤៣.៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








