ខេត្តពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា សព្វថ្ងៃនេះយើងមានវ៉ារីអគ្គសនីចំនួន០៧កន្លែង ដែលវិនិយោគដោយក្រុមហ៊ុនចិន អាចផលិតថាមពលបានជាង ៣.៨១៤ មេហ្គាវ៉ាត់ ខណៈសព្វថ្ងៃនេះ យើងប្រើប្រាស់អស់តែជាង ២.០២៦ មេហ្គាវ៉ាតប៉ុណ្ណោះ។
ឯកឧត្តម បន្តថា សព្វថ្ងៃនេះ យើង បាននិងកំពុងធ្វើកិច្ចប្របត្តិការលើគ្រប់វិស័យជាមួយមិត្តចិន ហើយអគ្គិសនីពិតជាមានអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងមន្រ្តីរាជការក្នុងការបំរើសេវាសាធារណ:ល្អប្រសើរ។
ការលើកឡើងរបស់ឯកឧត្តមស៊ុយ សែមដូចនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្សនៅ ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលជាអំណោយរបស់ក្រុមហ៊ុនឆាយណាតាថាងគ្រុប វារីអគ្គីសនីស្ទឹងអាតៃ ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រុមហ៊ុនឆាយណាតាថាងគ្រុបនេះ កន្លងមកតែងជួយកសាងសមទ្ធិផលនានាជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់៕