Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមសហគ្រិនវ័យក្មេង រួមចំណែកជួយ ចងក្រង និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី

ព្រះសីហនុ៖ ទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ឆ្នាំ២០២១នេះ បានប្រារព្ធធ្វើឡើងនៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និង ធនធានមនុស្ស ឌីជីថល តាមប្រព័ន្ធ  Zoom ជា​មួយវត្តមានរបស់ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។

អភិបាលរងខេត្តព្រះសីហនុ​ លោក ម៉ាង ស៊ីណេត បានលើកឡើងថា វត្តមានរបស់សមាគមសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែក ជួយចងក្រង និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងធុរកិច្ចបង្កើតថ្មី កម្មវិធីអប់រំបណ្តុះបណ្តាល និងចែករំលែកដល់យុវជន ជាពិសេសកម្មវិធីពន្លកសហគ្រិន ដែលនេះសុទ្ធតែជាការចូលរួមចំណែកធ្វើឱ្យធុរកិច្ចរបស់ពួកគេមានការរីកចម្រើន និងអាចប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន និងសកលផងដែរ។

លោក បានកោតសរសើរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងគាំទ្រសហគ្រាសធុនតូច និងមធ្យម(MSMEs)។

ទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ឆ្នាំ ២០២១ ប្រារព្ធឡើងដោយមានការគាំទ្រថវិការពី យូអិនឌីភី (UNDP) កម្ពុជា និង Konrad-Adenauer-Stiftung  ប្រចាំនៅកម្ពុជា និង មូលនិធិ ស.អ (CBRD) របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគម និងការឧបត្ថម្ភពី USAID តាមរយៈPACT Cambodia និង ចូលរួមឧបត្ថម្ភពីក្រុមហ៊ុនដែលជាអ្នកឧបត្ថម្ភសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងនោះរួមមាន Partner sponsors និង National sponsors។ កម្មវិធីក៏ទទួលបានការសហការពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) មជ្ឈមណ្ឌលពត៌មានអាជីវកម្ម(BIC) និង សហព័ន្ធសេវាអប់រំកម្ពុជា។

ទិវាសប្តាហ៍សហគ្រិនភាពសកល ត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅសប្តាហ៍ទី៣ប្រចាំខែវិច្ឆិកា នៅក្នុងប្រទេសជាង ១៧០ ដើម្បីអបអរនូវភាពជោគជ័យ និងឥទ្ធិពលនៃសហគ្រិននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយបំបែកឧបសគ្គខាងវប្បធម៌ និងពង្រីកចំនួនមនុស្សដែលពិចារណា និងព្យាយាមដើម្បីក្លាយជាសហគ្រិននៅក្នុងឆាកជីវិតរបស់គេធ្វើអោយសេដ្ឋកិច្ចមានការរីកចម្រើន ធ្វើអោយមនុស្សមានការគិតគូរ និងពង្រឹងសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសនីមួយៗ ។

គួរបញ្ជាក់ថា​ ទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជាឆ្នាំ២០២១ ត្រូវបានរៀបចំ ឡើងក្នុងគោលបំណងលើកទឹកចិត្តផ្តល់ចំណេះដឹងដល់យុវជន អ្នកមានបំណងបង្កើតអាជីវកម្មថ្មី និងអ្នកកំពុងធ្វើអាជីវកម្ម អាចយល់កាន់​តែច្បាស់ពីសហ-គ្រិនភាព និងឱកាសសិក្សាស្វែងយល់បន្ថែម ពីសហគ្រិនជោគជ័យ៕

×