Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ក្រួស ជិះ​ម៉ូតូ ធ្លាក់​ប្រឡាយ ផ្ទប់​នឹង​កាំភ្លើង​អាកា ស្លាប់​

​​​ស្វាយរៀង ​៖ នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រួស បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន​នៅពេល​យប់ តាម​គោលដៅ បណ្តាល​ឲ្យ​ម៉ូតូ​រេ​ចង្កូត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​អម​សងខាង​ផ្លូវ​ស្លាប់ ស្ថិតនៅ​ភូមិ​ថ្នា ឃុំ​ក្រួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ ។ ជនរងគ្រោះ​ស្លាប់ ដោយ​ឱប​កាំភ្លើង​អាកា​ជាប់​នឹង​ដើមទ្រូង​។​

​លោក​អនុសេនីយ៍ទោ ព្រាប សាភួន ហៅ​សឿន អាយុ​៥០​ឆ្នាំ ជា​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ជិះ​ម៉ូតូ​ចេញ​ល្បាត​ចល័ត​តាម​គោលដៅ​ក្នុង​មូលដ្ឋាន​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ហើយ​ជួប​គ្រោះថ្នាក់​ចរាចរ​ដួល​ដោយ​ខ្លួនឯង ចូលក្នុង​ប្រឡាយ​អម​សងខាង​ផ្លូវ​។​

​បើ​តាម​សាក្សី​ដែល​ដឹង​ហេតុការណ៍​នេះ​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹកស៊ី​ជាមួយ​ក្រុម​ការងារ​របស់ខ្លួន នៅ​នឹង​ប៉ុស្តិ៍​នគរបាល​ដែល​ជនរងគ្រោះ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​នៅក្នុង​អំឡុង​ម៉ោង​ប្រហែល​ជា​៧​យប់ ជនរងគ្រោះ​ក៏​បាន​សុំ​ការអនុញ្ញាត​ពី​មេ​នគរបាល​ប៉ុស្តិ៍​ថា សុំ​ចេញ​ទៅ​ក្រៅ​មួយ​ភ្លែត នឹង​វិលត្រឡប់​មក​វិញ ដោយ​មាន​ទាំង​ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាល​ត្រឹមត្រូវ និង​មាន​ស្ពាយ​កាំភ្លើង​អាកា​មួយ​ដើម​ពី​ខាង​មុខ​ផងដែរ​។ ប៉ុន្តែ​រហូត​ដល់​ម៉ោង​១០​យប់ ក៏​មិន​ឃើញ​ជនរងគ្រោះ​វិលត្រឡប់​ចូលមក​ប៉ុស្តិ៍​នោះ​ទេ ហើយ​លោក​មេ​ប៉ុស្តិ៍ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍ ក៏​មិន​បាន​ចាប់អារម្មណ៍​នឹងមាន​គ្រោះថ្នាក់​ដែរ ដោយ​សង្ស័យ​ថា ទំ​នងជា​គាត់​ស្រវឹងស្រា ហើយ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ទើបបាន​ជា​មិន​មក​ប៉ុស្តិ៍​ដើម្បី​ប្រចាំការ​វិញ​។ សាក្សី បាន​បន្ថែមថា នៅកន្លែង​កើតហេតុ ជា​ផ្លូវ​កោង ហើយ​ផ្លូវលំ​ទើប​ស្ថាបនា​ថ្មី​មាន​សភាព​រលោង​ស្អាត​ល្អ ដែល​អាច​ឲ្យ​បើក​ម៉ូតូ​លឿន ដូច្នេះ​ទំនង​ជា​យក​ចង្កូត​នៅ​ចំណុច​កោង ក៏​ជ្រុល​ធ្លាក់​ចេញពី​ថ្នល់ ចូល​ប្រឡាយ​អត់​ទឹក បណ្តាលឲ្យ​ដួល​បោកក្បាល​ដីផ្កាប់​មុខស្លាប់​តែម្តង រហូតទាល់​តែ​ព្រឹក​ព្រលឹម​ស្រា​ងៗ ទើប​អ្នក​លក់​សាច់​ជ្រូក​បាន​ប្រទះ​ឃើញ​សព​ជនរងគ្រោះ ក៏​ស្រែកហៅ​ឲ្យ​អ្នកជិតខាង​មក​ជួយ លើកសព​និង​ហៅ​សមត្ថកិច្ច​មក​ធ្វើ​កោសល្យវិច័យ​។ បើ​តាម​ក្រុមគ្រួសារ​សព បានបញ្ជាក់​ថា នេះ​មិនមែន​ជា​គ្រោះថ្នាក់​លើក​ទី​១​នោះទេ ដែល​ជនរងគ្រោះ​ជួប​គ្រោះថ្នាក់​ធ្ងន់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ជា​រៀងរាល់ឆ្នាំ គឺ​លើក​ទី​១ បាន​ជួប​គ្រោះថ្នាក់​បើក​ម៉ូតូ​បុក​ដល់​ប្រេងខ្យល់ រងរបួស​ធ្ងន់ និង​លើក​ទី​២ ជួប​គ្រោះថ្នាក់​ចរាចរ​ជាមួយ​ម៉ូតូ​កង់​បី ក្នុងភូមិ​ជាមួយគ្នា បណ្តាលឲ្យ​របួសធ្ងន់ ហើយ​លើក​ទី​៣ គឺ​គ្រោះថ្នាក់​ដោយ​ខ្លួនឯង នៅក្បែរ​កន្លែង​ធ្វើការ ស្លាប់​តែ​ម្តង​។​

​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត និង​គ្រូពេទ្យ​ស្រាវជ្រាវ​ជុំវិញ​កន្លែងកើតហេតុ និង​ធ្វើ​កោសល​វិច័យ​លើ​សាកសព​ឃើញ​មាន​ស្នាម​ទ្រុត​ចំ​ដើមទ្រូង​ចំនួន​២​កន្លែង និង​សៀតផ្កា​ខាងឆ្វេង​១​កន្លែង ដួល​បុក​នឹង​កាំភ្លើង ដែល​ស្ពាយ​ពី​ខាង​មុខ​ជាប់​នឹង​ដើមទ្រូង​។ ជន​រងគ្រោះ​ដួល​ផ្កាប់មុខ បុក​នឹង​ដី បែក​មុខ ចេញឈាម បណ្តាលឲ្យ​ស្លាប់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​