ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងអូស្ដ្រាលី។

នៅថ្ងៃទី០៨ ខែវិច្ឆិកា លោកជំទាវ ម៉ារីស ផេន បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងឱកាសនោះ លោកជំទាវបានកោតសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ចាប់តាំងពីការធ្វើដំណើររបស់លោកជំទាវមកកម្ពុជាកាលពីជិត ២០ឆ្នាំមុន និងបានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា តាមរយៈកម្មវិធីជំរុញការចាក់វ៉ាក់សាំង ដើម្បីធានាបាននូវការបើកឡើងវិញជាបណ្តើរៗ នូវសកម្មភាពសង្គមសេដ្ឋកិច្ច ខណៈពេលតស៊ូជម្នះជំងឺកូវីដ-១៩។
សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ារីស ផេន ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលកំពុងមានការរីកចម្រើនជាលំដាប់ រវាងប្រទេសកម្ពុជា និងអូស្រ្តាលី លើវិស័យផ្សេងៗ រួមមាន កសិកម្ម ការពារជាតិ អប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញជាមួយការកោតសរសើរ ចំពោះជំនួយរបស់អូស្រ្តាលីដល់កម្ពុជា នៅក្នុងវិស័យជាច្រើន រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះការប្តេជ្ញារបស់អូស្រ្តាលីក្នុងការផ្តល់វ៉ាក់សាំងហ្វាយស្ស៊ឺ (Pfizer) ចំនួន ២,៣៥ លានដូស ដល់កម្ពុជា ហើយដែលវ៉ាក់សាំងចំនួន ១លានដូស នឹងមកដល់កម្ពុជានៅដំណាច់ឆ្នាំ២០២១។

លោកជំទាវ ម៉ារីស ផេន បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់របស់អូស្រ្តាលី ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានគាំទ្រដល់អូស្រ្តាលី ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន និងបានបញ្ជាក់ឡើងវិញនូវការគាំទ្រពេញលេញ របស់អូស្រ្តាលីចំពោះកម្ពុជា ដើម្បីធានាបាននូវការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ប្រកបដោយជោគជ័យ។
លោកជំទាវ ម៉ារីស ផេន ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ផងដែរ ចំពោះការបង្កើតភាពជាដៃគូសន្ដិសុខត្រីភាគី “AUKUS” និងបានអះអាងថា ការដែលអូស្ដ្រាលីចូលរួមនៅក្នុង AUKUS នេះ គឺដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកអូស្ដ្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរស៊ីវិលនោះទេ ស្របពេលជាមួយគ្នានេះ អូស្ដ្រាលីនៅតែបន្ដប្ដេជ្ញាចិត្តចំពោះការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងតំបន់។
នៅថ្ងៃដដែល លោកជំទាវ ម៉ារីស ផេន បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលនៅក្នុងឱកាសនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ដ្រាលី ដែលបានគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ជាពិសេស ការផ្ដល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងតែត្រូវការជាចាំបាច់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអូស្ត្រាលីកាន់តែច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា ខណៈពេលកម្ពុជាទើបអនុម័តច្បាប់វិនិយោគថ្មី ដែលនឹងផ្តល់នូវបរិយាកាសវិនិយោគដ៏ប្រសើរ។ ជាការឆ្លើយតប លោកជំទាវ ម៉ារីស ផេន បានគូសបញ្ជាក់ថា ខណៈដែលកម្ពុជា និងអូស្រ្តាលី កំពុងងើបចេញពីជំងឺរាតត្បាតដូចគ្នា មានកាលានុវត្តភាពជាច្រើនសម្រាប់ប្រទេសទំាងពីរ ធ្វើការជាមួយគ្នា ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមានភាពរីកចម្រើន។
លោកជំទាវ ម៉ារីស ផេន ក៏បានបញ្ជាក់ឡើងវិញផងដែរ នូវការប្ដេជ្ញាចិត្តរបស់អូស្ដ្រាលីក្នុងការបន្ដជួយ និងធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យនានាដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការបោសសម្អាតមីន កសិកម្ម សុខាភិបាល និងអប់រំ ជាពិសេស ការបន្ដផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍អូស្ដ្រាលី និងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ដ្រាលី។
សម្រាប់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ដ្រាលី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះចក្ខុវិស័យរបស់អូស្រ្តាលី នៅក្នុងអនុតំបន់មេគង្គ តាមរយៈការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ភាពធន់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងការពង្រឹងប្រព័ន្ធអ៊ិនធឺណេត និងថាមពលសំខាន់ៗ។ លោកជំទាវ ម៉ារីស ផេន បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រ និងផ្តល់ជំនួយ ក្រោមក្របខ័ណ្ឌនេះ ដែលមានទឹកប្រាក់ចំនួន ២៣២ លានដុល្លារអូស្ដ្រាលី (ប្រមាណ ១៦៨ លានដុល្លារអាមេរិក) សម្រាប់រយៈពេល ៤ឆ្នាំ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ផ្នែកសេដ្ឋកិច្ច និង បរិស្ថាន នៅក្នុងតំបន់។

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានចែករំលែកទស្សនៈគ្នាទៅវិញទៅមកផងដែរអំពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងចូលជាធរមាននៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២ ហើយដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម្រៅសមាហរណកម្មតំបន់ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនសមភាគីអូស្រ្តាលីអំពីអាទិភាពនានាសម្រាប់អាស៊ានឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
លោកជំទាវ ម៉ារីស ផេន បានអះអាងជាថ្មីអំពីការគាំទ្រពេញលេញរបស់អូស្រ្តាលីចំពោះរាល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជា ក្នុងអាណត្តិជាប្រធានអាស៊ានឆ្នាំ២០២២ រួមទាំងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន ដែលគ្រោងនឹងរៀបចំនៅកម្ពុជា ក្នុងឆ្នាំ២០២២។
រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ក្ដីបារម្ភរួម និងផលប្រយោជន៍ទៅវិញទៅមក រួមទាំងស្ថានការណ៍ថ្មីៗនៅប្រទេសមីយ៉ាន់ម៉ាផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

