Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជារំពឹងថា អាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយអូស្រា្តលី នាពេលខាងមុខ

ភ្នំពេញ៖ វិស័យឯកជន បានបង្ហាញក្តីរំពឹងថា កម្ពុជាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយអូស្រា្តលី នាពេលខាងមុខ​ ដើម្បីឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពី នឹងកាន់តែប្រសើរឡើងថែម ហើយជាពិសេស ក្រោយពេលដែលកិច្ចព្រមព្រៀង RCEP ដែលកម្ពុជា និងអូស្រ្តាលីជាសមាជិក ចូលជាធរមាននៅឆ្នាំក្រោយ ដែលនឹងជួយជំរុញកំណើននាំចេញពីកម្ពុជា ទៅអូស្រ្តាលីកើនឡើង។

ការរំពឹងរបស់កម្ពុជា ជាពិសេសផ្នែកឯកជននេះ គឺលើកឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី លោកស្រី ម៉ារីស ផែន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មានថា ក្រៅពីកិច្ចព្រម​ព្រៀង RCEP កម្ពុជាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា នាពេលខាងមុខ ដើម្បីឱ្យការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយអូស្រ្តាលី កាន់តែងាយស្រួល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលថ្មីៗនេះថា កម្ពុជា និងអូស្រ្តាលី នៅមានកិច្ចសហប្រតិ​បត្តិការជាច្រើនទៀត ដែលត្រូវធ្វើរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ជាពិសេសនៅក្រោយពេលដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាន នៅខែមករា ឆ្នាំក្រោយនេះ។

នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃ ៤៣២.៤លានដុល្លារ កើនឡើង ២១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។ អូស្រ្តាលីនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩។

កន្លងមកការនាំចេញផលិតផលពីកម្ពុជាទៅអូស្រ្តាលី មានដំណើការល្អ ដោយប្រទេសនេះបាននាំចូលផលិតផលដូចជា កង់ គ្រឿងបង្គុំ សម្លៀកបំពាក់ និងផលិតផលកសិកម្មជាដើម។ ក្រៅពីការនាំចេញ ការវិនិយោគរបស់ វិនិយោគិនរបស់អូស្រ្តាលីនៅកម្ពុជា ក៏មានច្រើនផងដែរ ។

សូមជម្រាបថា កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្ម-អូស្រ្តាលី (CAVAC) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី បានធ្វើការសិក្សាស្រាវជ្រាវលើសក្តានុពលផលិតផលកម្ពុជា កាលពីពេលថ្មីៗបានបង្ហាញថា ផលិតផលកសិកម្មរបស់កម្ពុជា៩មុខ រួមមាន ស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែប័រ ល្ងរ ស្ករត្នោត និងចេកក្រៀម មានតម្លៃខ្ពស់ និង មានតម្រូវការខ្ពស់នៅលើទីផ្សារ អូស្រ្តាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន៕

×