Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាបច្ចេកវិទ្យាកម្ពុជា (CamTech Summit) ២០២១ នឹងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលប្រកប ដោយសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន

កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា រៀបចំពិធីបើកឱ្យដំណើរការវេទិកាបច្ចេកវិទ្យាកម្ពុជា (CamTech Summit) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា។

វេទិកាបច្ចេកវិទ្យាកម្ពុជានេះ រៀបចំក្នុងនាមជាប្រទេសដៃគូ (Partner Country) នៃពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី (Singapore FinTech Festival) ផ្តួចផ្តើមដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលអនុញ្ញាតឱ្យអ្នកចូលរួមទាំងក្នុងនិងក្រៅប្រទេសអាចចូលរួមជាលក្ខណៈអនឡាញ។

ក្នុងឱកាសបើកវេទិកានេះ លោកជំទាវ នាវ ច័ន្ទថាណា បានលើកឡើងថា វេទិកាបច្ចេកវិទ្យាកម្ពុជាដែលប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនេះ គ្របដណ្តប់មិនត្រឹមតែវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យផ្សេងៗ រួមមាន វិស័យទេសចរណ៍ វិស័យអចលនទ្រព្យ និងវិស័យកសិកម្ម ផងដែរ។

ការរៀបចំវេទិកានេះ ផ្ដល់ឱកាសដល់តំណាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សា សិក្សា និងចែករំលែកចំណេះដឹងសំខាន់ៗនៃការអភិវឌ្ឍ កាលានុវត្តភាព និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដែលគាំទ្រដល់វិស័យពាក់ព័ន្ធទាំងនោះ ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងដើម្បីបន្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន៕

×