ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានយាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាម ក្រសួងការបរទេស បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា ក្នុងឱកាសយាងចូលរួមមហាសន្និបាតនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះមហាក្សត្រខ្មែរ នឹងថ្លែងព្រះរាជសុន្ទរកថា បើកសម័យប្រជុំជាផ្លូវការ នៃមហាសន្និបាត ដោយផ្តោតលើសមិទ្ធផលសំខាន់ៗរបស់អង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។
ក្នុងព្រះរាជសារផ្តល់ដំណឹងនៃព្រះអវត្តមានរបស់ព្រះអង្គ ពីមាតុប្រទេសនេះ ព្រះមហាក្សត្រខ្មែរ បានជូនដំណឹងពីការផ្តល់នូវព្រះរាជភារកិច្ចរបស់ព្រះអង្គ ជូនទៅ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រមុខរដ្ឋស្តីទី ដើម្បីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យនាថ្ងៃទី១១ ខែវិច្ឆិកា។

សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១, ចំណែកការិយាល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ អង្គការយូណេស្កូនៅកម្ពុជា ធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនង និងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិ ដើម្បីជាមធ្យោបាយឆ្ពោះទៅសម្រេចបាននូវ របៀបវាៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។
ប្រាសាទរបស់កម្ពុជាចំនួន៣ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈមហាសន្និបាទអង្គការយូណេស្កូនេះ រួមមាន ៖ ប្រាសាទអង្គរ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ និងតំបន់ប្រាសាទសម្បូរព្រៃគុក នៅឆ្នាំ២០១៧៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















