ភ្នំពេញ ៖ គិតមកដល់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ អគាររដ្ឋបាលនៃទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានសាងសង់រួចរាល់ហើយ និងត្រូវបាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រៀបចំធ្វើពិធីក្រុងពាលី ត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅចុង ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

អគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មី ក្នុងនោះមាន សាលប្រជុំធំផងនោះ មានទទឹងប្រវែង ២៨ម៉ែត្រ , បណ្ដោយប្រវែង ១៩១ម៉ែត្រ , កម្ពស់ ៣២ម៉ែត្រ និងមានចំណតរថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០គ្រឿង។
ទីស្តីការក្រសួងការពារជាតិថ្មីនេះ មានរៀបចំទីកន្លែងទទួលបដិសណ្ឋារកិច្ចបណ្តាប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ , ធ្វើពិធីត្រួតពល កងកិត្តិយស កងត្រែទ័ព នៅក្នុងអគារតែម្ដង បើទោះជាមានភ្លៀងធ្លាក់។ ក្រៅពីនេះ មានរៀបចំជាបន្ទប់ប្រជុំតូច-ធំ , បន្ទប់សវនាការតូច-ធំ , ទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលមានសមត្ថភាពអាចទទួលអ្នកចូលរួមប្រជុំបាន១,០០០នាក់ សម្រាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិ។

អគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មី នេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោម អធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតាមគម្រោងផែនការ សាងសង់មានរយៈពេល ៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ, ប៉ុន្តែ ដោយសារវិបត្តិកូវីដ-១៩ ការសាងសង់ត្រូវបានស្នើសុំពន្យារពេលកិច្ចសន្យារយៈពេល ៤ខែ ដូច្នេះ ការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ទើបត្រូវបានបញ្ចប់ ហើយពេលនេះនៅសល់តែការសម្អាតតិចតួចប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្នុងគ្រាដែលសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាផ្លូវការ កាលពី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នឹងយកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលជាខួប ២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនោះ សម្ពោធដាក់ឱ្យប្រើប្រាស់នូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីសន្លាងមួយនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














