ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនលោក អ៊ិន សារ៉ន ប្រធានមន្ទីរ អធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា ខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីយោធា , ថៅកែកាប់ជ្រូក ថៅកែគ្រឿងចក្រ ពាក់ព័ន្ធការលេងជល់មាន់គូពិសេស (ភ្នាល់១ម៉ឺនដុល្លារ)។ បន្ទាប់ពីសមត្ថកិច្ចបានបញ្ជូនខ្លួនមនុស្សទាំង ៤នាក់នេះ គឺសមត្ថកិច្ចបានដោះលែងម្នាក់ ដោយសារមិនមានការពាក់ព័ន្ធ។ ហើយមនុស្ស ៣នាក់ ដែលពាក់ព័ន្ធបានបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

មនុស្សទាំង ៤នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងវង់ល្បែងមាន់ ក្នុងចំការឫស្សីរបស់លោកវរសេនីយ៍ឯក ជឿង ថេង មន្ត្រីយោធាភូមិភាគ៣ ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់ CEN នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះថា មនុស្សទាំង ៤នាក់ ដែលឃាត់ខ្លួននៅកន្លែងជល់មាន់មានដូចជា ៖ ១. ឈ្មោះ អ៊ិន សារ៉ន ប្រធាន មន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ។ ២. ឈ្មោះ លីប លីម ថៅកែកាប់ជ្រូកនៅស្ទឹងមានជ័យ។ ៣. ឈ្មោះ ជា គឿន ជាមន្ត្រីយោធា និងទី៤. ឈ្មោះ ហាក់ លាប ថៅកែគ្រឿងចក្រ។

ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា “ឃាត់គាត់ក្នុងរង្វង់សមត្ថកិច្ចប្រតិបត្តិការ។ តែក្រោយធ្វើការស្រាវជ្រាវ និងមានសាក្សីបញ្ជាក់ថា គាត់មិនមានការពាក់ព័ន្ធទេ។ សម្រាប់សំណុំរឿងមួយនេះ យើងបញ្ជូនទៅតុលាការហើយ”។
ទាក់ទងករណីនេះ មិនមិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
សូមជម្រាបថា កាលពីថៃ្ងទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចព្រៃឬស្សីមួយកន្លែង ស្ថិតនៅស្រុកឱរ៉ាល់ (ដីរបស់លោក ជឿង ថេង) បានលួចបើកឲ្យបានការភ្នាល់គ្នាលេងជល់មាន់ គូរពិសេស ដោយភ្នាល់ ១ម៉ឺនដុល្លារ ឡើងទៅ ដែលក្នុងនោះមានអ្នកមានលុយ ថៅកែកាប់ជ្រូក នៅ ស្ទឹងមានជ័យ មន្រ្តីរាជការ ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បានចំនួន ៤នាក់។ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះហើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





