នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ខណៈបានឃើញទិដ្ឋភាពអ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នា អង្គុយអធិស្ឋានដល់ព្រះ នៅមុខប្រាសាទ Shri Shri Lokanath Brahmachari Ashram ក្នុងពិធីបុណ្យសាសនា Kartik Brati ដែលត្រូវបានគេស្គាល់ថា Rakher Upobash កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។
ជារៀងរាល់ឆ្នាំអ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខប្រាសាទ Shri Shri Lokenath Brahmachari Ashram សម្រាប់ពិធីបុណ្យសាសនា Kartik Brati ឬ Rakher Upobash នៅ Barodi។ អ្នកកាន់សាសនាទាំងនោះ បានបួងសួងជាមួយពន្លឺភ្លើងទៀន ដើម្បីសុំព្រះជួយសង្រ្គោះគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ បានរួចផុតពីជំងឺអាសន្នរោគ និងជំងឺអុតស្វាយ។
តែទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះ ពុំត្រូវបានធ្វើឲ្យមនុស្សជាច្រើនគាំទ្រនោះឡើយ ព្រោះថាការប្រមូលផ្តុំគ្នាយ៉ាងច្រើនបែបនេះរបស់ពួកគេ គឺប្រឈមហានិភ័យខ្លាំងណាស់ ជាពិសេសគឺមិនរក្សាគម្លាតសង្គម និងពាក់ម៉ាស់ ចំពេលវិបត្តិ Covid-19 ដែលមិនទាន់ធូរស្បើយនៅឡើយ។
ទន្ទឹមនេះផងដែរ ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានលើកឡើងបែបនេះថា៖ «ខ្ញុំជាមនុស្សម្នាក់ ដែលបានគោរពនូវអ្វីដែលពួកគេជឿ ប៉ុន្តែ ខ្ញុំមិនគិតថា វិធីដែលពួកគេកំពុងអនុវត្តនឹងធ្វើឲ្យពួកគេមានសុខភាពល្អនោះទេ»។ រីឯអ្នកផ្សេងទៀតថា «មិនចាំបាច់ដុតអ្វី ដើម្បីអធិស្ឋានសម្រាប់អ្វីទាំងអស់។ ភពផែនដីកំពុងស្ថិតក្នុងវិបត្តិបរិស្ថាន ហើយព្រឹត្តិការណ៍បែបនេះ គឺកាន់តែបង្កគ្រោះមហន្តរាយបន្ថែមប៉ុណ្ណោះ!, តើវាពិតជាមិនមែនរឿងអ្វីកើតឡើងមែនទេ នៅក្នុងប្រទេសរបស់អ្នក? ខណៈខ្ញុំកំពុងព្រួយបារម្ភកូវីដយ៉ាងខ្លាំង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






