Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនការមេស្តីពីការតភ្ជាប់អាស៊ាន នឹងដើរតួជាផែនការគន្លឹះ ដែលនឹងធានាការរីកចម្រើនខាងផ្នែក សេដ្ឋកិច្ច ជាមួយនឹងគម្លាតអភិវឌ្ឍន៍តិចតួច

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ដល់ជូនអនុសាសន៍មួយចំនួន ដែលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ អាចយកទៅពិចារណា ដូចជា ជំងឺកូវីដ-១៩ នឹងបន្តបង្អាក់ប្រតិបត្តិការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក្នុងរយៈពេលវែងខាងមុខ ។ ដូចនេះ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ លើដំណើរការនៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន ដោយសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងតំបន់ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារអាស៊ាន និងភាពធន់សង្គម-សេដ្ឋកិច្ច។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្លែងពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងបរិបទបច្ចុប្បន្ននេះ ក្រៅពីការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការរៀបចំ យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ, ពិភពលោក ក៏បាននិងកំពុងប្រឈមនឹងបញ្ហា រួមជាច្រើន ដូចជា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួល អាកាសធាតុ ជាដើម ។ ក្នុងកម្រិតតំបន់, ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងនេះ ប្រកបដោយ ។ វិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាន, កម្ពុជាយល់ថា អាស៊ានត្រូវប្រកាន់ខ្ជាប់នូវ ទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន (“We Care, We Prepare, We Prosper”) ។

ជាជំហានទៅមុខ កម្ពុជាយល់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ាន ទាំងមូលទៅជាតំបន់មួយដែលមានភាពធន់, ភាពប្រកួតប្រជែង និងបរិយាប័ន្ន ។ ក្នុងបរិបទនេះ, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន នឹងដើរតួជាផែនការគន្លឹះ ដែលនឹងធានាការរីកចម្រើនខាងផ្នែក សេដ្ឋកិច្ច ជាមួយនឹងគម្លាតអភិវឌ្ឍន៍តិចតួច និងការតភ្ជាប់គ្នាដោយរលូនរវាងប្រទេសជាសមាជិក និង ជាមួយពិភពលោក តាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង ៣ គឺ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន ។

ផ្តើមចេញពីនេះ, សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា សូមផ្ដល់ជូនអនុសាសន៍មួយចំនួន ដែលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ អាចយកទៅពិចារណា ដូចខាងក្រោម៖

ទី១៖ជំងឺកូវីដ-១៩ នឹងបន្តបង្អាក់ប្រតិបត្តិការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក្នុងរយៈពេល វែងខាងមុខ ។ ដូចនេះ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ លើដំណើរការនៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន ដោយសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងតំបន់ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារអាស៊ាន និងភាពធន់សង្គម-សេដ្ឋកិច្ច ។ ក្នុងន័យនេះ, ការជំរុញការដឹកជញ្ជូនឆ្លងដែនរវាងបណ្តាប្រទេសជា សមាជិកអាស៊ាន ប្រកបដោយភាពរលូន និងរហ័សទាន់ចិត្ត នឹងចូលរួមលើកស្ទួយខ្សែច្រវាក់ផលិតកម្ម ក្នុងតំបន់ ប្រកបដោយភាពរឹងមាំ និងនិរន្តភាព ។

ទី២៖ អាស៊ានត្រូវបន្តជំរុញធ្វើសកម្មភាពបន្ថែមទៀត ក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យដឹកជញ្ជូន ដើម្បីសម្រេចឱ្យបានជោគជ័យនូវការអនុវត្តផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ រួមទាំងសកម្មភាពអាទិភាពនៃការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិរបស់ផែនការនេះ ដែលជា ឆ្អឹងខ្នងនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ ។

ទី៣៖ អាស៊ានត្រូវខិតខំពន្លឿនការចុះហត្ថលេខា និងដាក់ឱ្យអនុវត្តឱ្យបានឆាប់រហ័សនូវកិច្ចព្រម ព្រៀងទូលំទូលាយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប (AECATA) កិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-នូវែលសេឡង់ (ANZ-ASA) និងកិច្ចព្រមព្រៀងសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-កូរ៉េ (AK-ASA) ជាដើម ។ កិច្ចព្រមព្រៀងទាំងនេះ ជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសង្គម-សេដ្ឋកិច្ច និងជាស្ពានតភ្ជាប់អាស៊ានទៅពិភពលោក ។

ទី៤៖ អាស៊ានត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ បន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ, ស្វែងរកមូលនិធិ និងជំនួយបច្ចេកទេស ព្រមទាំង ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ។ សម្តេចតេជោ សូមបញ្ជាក់ជូន អង្គពិធីផងដែរថា ក្រោយពីកម្ពុជាបានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ – ខ្ញុំសង្ឃឹមថា កម្ពុជា នឹងអាចទទួលបាន និងចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀត សម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល ។

ទី៥៖ វិស័យដឹកជញ្ជូនបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីដ ប្រមាណ ២០ ភាគរយ ដែលជាប្រភពចម្បងមួយនៃការប្រែប្រួលអាកាសធាតុ ។ ក្នុងន័យនេះ, សម្តេចសូមស្នើឱ្យអាស៊ាន បន្តអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើ ប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ថាមពល, ការកកស្ទះចរាចរ, ឧស្ម័ន, ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗទៀត ។ ការជំរុញអនុវត្តការងារទាំងនេះ នឹងចូលរួមកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់ពិភពលោក យើងទាំងមូល ។

ទី៦៖ អាស៊ានត្រូវបន្តខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈម ដ៏សំខាន់នៅក្នុងតំបន់អាស៊ាន និងពិភពលោក ពិសេសតាមរយៈការជំរុញការអនុវត្តនូវលិខិតុបករណ៍ គតិយុត្ត ដូចជា ៖ (១), សេចក្តីណែនាំស្តីពីការកែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកទៅលើស្តង់ដាររបាយការណ៍របស់អង្គការសហប្រជាជាតិ, (២). សេចក្តីប្រកាសព្រុយណេដារ៉ូស្សាឡាម ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២០ និងទិសដៅថ្មី ឆ្នាំ ២០៣០ ដែលកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងតិច ៥០% ពីឆ្នាំ ២០២១ ទៅឆ្នាំ ២០៣០ ។

សម្តេចហ៊ុនសែនសូមឆ្លៀតក្នុងឱកាសនេះ ចែករំលែកនូវយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការប្រយុទ្ធ និងឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយភាពស្វាហាប់ និងបុរេសកម្ម រហូតឈានដល់ការប្រកាសជាផ្លូវការ នូវការបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ។ ជារួម កម្ពុជាបាន កំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ និងបានបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង ជូនដល់ប្រជាជនកម្ពុជា អាយុចាប់ពី ៥ ឆ្នាំឡើង ។ គិតត្រឹមថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កម្ពុជា សម្រេចបានអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងច្រើនជាង៨៧%នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់ ។

ក្រោយពីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន អស់រយៈពេលជាង ២០ ឆ្នាំមកនេះ, កម្ពុជាបានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ដែលមានសន្តិភាព, វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងផ្លាស់ប្តូរអាស៊ានទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់ ដែលមានសារៈសំខាន់ជាសកល ។ ក្នុងនាមជាប្រធានអាស៊ាន នាឆ្នាំ ២០២០ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូដទៃទៀត ក្នុងការសម្រេចបាននូវអាទិភាពផ្សេងៗរបស់អាស៊ានឆ្ពោះទៅរកការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច អាស៊ាន ព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាម មូលបទ «អាស៊ានរួមគា្នធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា) ASEAN A.C.T.: Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×