ភ្នំពេញ ៖ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម ឃែលិដ ឃៀរី បានលើកសរសើរកម្ពុជាចំពោះវឌ្ឍនភាព ជាលំដាប់ ការចូលរួមយ៉ាងធំធេងក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និងសណ្តាប់ ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។

ឯកឧត្តម ក៏បានកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ដ៏ជោគជ័យ ដែលនាំមកនូវការស្តារឡើងវិញដ៏ល្អនាពេលខាងមុខ និងគូសបញ្ជាក់ អំពីការត្រៀមរួចជាស្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ចំពោះតួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជាបានលើកពីអាទិភាពដែលកម្ពុជាបានកំណត់ដើម្បីកសាងសហគមន៍អាស៊ានបន្ថែមទៀត ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា« ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកទស្សនរបស់កម្ពុជាលើបញ្ហាតំបន់ ដោយលើកជាសំខាន់នូវការតាំងចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ សន្តិភាព សន្តិសុខ និងវិបុលភាពតំបន់ តាមរយៈការពង្រឹងកិច្ចខិតខំរួមគ្នាសម្រាប់ការស្តារឡើងវិញ ឆាប់រហ័សពីផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាត្បាតកូវីដ១៩ ដែលជាការល្អចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។

ចំពោះភាពដៃគូសន្ទនាគ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ ដែលឈានដល់ខួបអនុស្សាវរីយ៍ លើកទី១០ នៅឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឃែលិដ ឃៀរី បានពិភាក្សាអំពីការពន្លឿន កិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិក្នុងវិស័យមួយចំនួន ដែលមានកំណត់ក្នុងក្របខ័ណ្ឌស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន ការបង្រួមគម្លាតអភិវឌ្ឍក្នុងអាស៊ាន តាមរយៈការអនុវត្តផែនការការងារ IAI ទី៤ និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ សុខុមាលភាពពលករចំណាកស្រុក ស្ត្រីក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខ និងការគាំទ្រមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។
ឯកឧត្តមទាំងពីរក៏បានចែករំលែកនូវទស្សនដូចគ្នាស្តីពីការលើកទឹកចិត្តឲ្យមានការសហការគ្នាជិតស្និទ្ធ រវាងប្រសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឃែលិដ ឃៀរី បានរំពឹងដល់វឌ្ឍនភាពបន្ថែមទៀត ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ២០២១-២០២៥ រួមទាំងការជំរុញភាពបំពេញគ្នាទៅវិញទៅមករវាងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ និងរបៀបវារៈស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ2030 និងការរៀបចំកិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិ នៅគ្រប់កម្រិតដោយផ្ទាល់នៅឆ្នាំក្រោយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



