កណ្ដាល ៖ ស្ត្រីជើងខ្លាំងឈ្មោះ កែវ រតនៈ ហៅ ចែហ្គិច ដុតរោងចក្រ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង បទគំរាមកំហែងថានឹងសម្លាប់ និងបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចរោងចក្រផលិតគ្រឿងសង្ហារឹម និងក្តាកុងផ្លាកេ ប្រាយវ៉េ ហ្វើនីឈ័រ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៨ តាមមាត្រា៧៨ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងតាមមាត្រា៦៣០ មាត្រា២៣៣ មាត្រា៤១៣នៃក្រមព្រហ្មទណ្ឌ។
ស្ត្រីជើងខ្លាំងរូបនេះ ដែលធ្លាប់មានរឿងអាស្រូវជាច្រើន និងធ្លាប់ជាប់ពន្ធនាគារករណីបាញ់គំរាមអ្នកដទៃ ត្រូវបានព្រះរាជអាជ្ញាខេត្តកណ្ដាល សម្រេចចោទប្រកាន់ចំនួនបីបទល្មើស រួចបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
ចែហ្គិចនិងបក្ខពួកមានគ្នាប្រមាណ៥នាក់ បានរថយន្តមួយគ្រឿងចូលទៅដុតឈើក្នុងរោងចក្រ ហើយបានគំរាមមិនឱ្យចូលពន្លត់ភ្លើងកំពុងឆេះនោះទេ។ ប្រពន្ធម្ចាស់រោងចក្រ ឈ្មោះ កែវ រតនៈ ហៅហ្គិច បើកបររថយន្តម៉ាកឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ខម-៦៧៦២ គឺជាអ្នកដុត។ បន្ទាប់ពីដុតហើយ ចែហ្គិច បើកឡានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់បានមកវិញ៕ ដោយ ៖ បញ្ញាស័ក្តិ