ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក ដាញែល គ្រីថែនប្រីគ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងសេអ៊ូល ចាប់តាំងពីការបញ្ជាក់អំពីជំនួបជាមួយសមភាគីរបស់លោកនៅឯក្រសួងការបរទេស និងមន្ត្រីក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីពិភាក្សាអំពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ៖«ឧបការីសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីបញ្ហាដែលទាក់ទងទៅនឹងឧបទ្វីបកូរ៉េ ដូចជាផែនការដើម្បីបន្តការសន្ទនាជាមួយកូរ៉េខាងជើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបញ្ហាទាក់ទងនឹងបញ្ហាកូរ៉េខាងជើង-សហរដ្ឋអាមេរិក។ បន្ថែមពីនេះសហរដ្ឋអាមេរិកនិងកូរ៉េក៏បានពិភាក្សាជុំវិញបញ្ហាសំខាន់មួយចំនួនទៀតដូចជា សម្ព័ន្ធភាព ដូចជាវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់សកល ការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ជាដើម។
ក្នុងនោះ លោក គ្រីថែនប្រីគ ក៏បានជួបជាមួយលោក លី ស៊ុងហួរ អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច កាលពីថ្ងៃព្រហស្បតិ៍ដដែល ហើយលោកក៏គ្រោងនឹងជួបជាមួយលោកជុង ដេអីន អគ្គនាយកនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោករហូតដល់ថ្ងៃសុក្រ។
សូមរំលឹកថា លោក គ្រីថែនប្រីគ គឺជាឧបការីរបស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានតែងតាំងកាលពីអំឡុងខែមីនាដោយប្រធានាធិបតីលោក ចូ បៃដិន និងត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភាកាលខែកញ្ញាកន្លងទៅ។ លោក គ្រីថែនប្រីគ មានបទពិសោធន៍យ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិន។ ក្នុងនោះ លោកក៏ជាអនុប្រធានបេសកកម្មនៅស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៥។ ជាក់ស្តែង ឧបការីរូបនេះក៏អាចនិយាយភាសាចិន និងជប៉ុនបានយ៉ាងស្ទាត់ជំនាញផងដែរ ហើយបន្ទាប់មក លោកគ្រីថែនប្រីគក៏ត្រូវបានតែងតាំងជាប្រធានការិយាល័យកិច្ចការចិន និងម៉ុងហ្គោលី នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
បើតាមលោកលី អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកគ្រីថែនប្រីគបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថា សម្ព័ន្ធភាពរវាង កូរ៉េ-អាមេរិក នឹងបន្តរីកចម្រើន និងអភិវឌ្ឍជាសម្ព័ន្ធភាពសេដ្ឋកិច្ច និងភាពជាដៃគូសកលនាពេលអនាគត»។ ក្នុងនោះ លោក គ្រីថែនប្រីគក៏បានបញ្ជាក់ផងដែរថា៖« ហេតុផលតែមួយគត់សម្រាប់ការធ្វើដំណើររបស់គាត់ គឺដើម្បីបង្ហាញឱ្យប្រទេសកូរ៉េឱ្យបានឃើញថា សហរដ្ឋអាមេរិកចាត់ទុកប្រទេសកូរ៉េខាងត្បូងជាមិត្តភក្តិប៉ុណ្ណា៕ ប្រភព៖Korea Joon Ang Daily