តាម RT Diana Marini (២៨ឆ្នាំ) រួមនឹងកូនស្រី បានធ្វើដំណើរដោយតាក់ស៊ី ទៅកាន់ធនាគារនៅ Long Island (New York អាមេរិក) រួចឲ្យកូនអង្គុយរង់ចាំលើរថយន្ត ហើយខ្លួនចូលទៅធនាគារដើម្បីប្លន់។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី ២៨ ខែ១០ ធនាគារ Chase Islandia ។ Diana Marini បានសំរុកចូលធនាគារ ហើយហុចក្រដាសដែលសរសេរសំណូមពរឲ្យបុគ្គលិកធនាគារប្រគល់ប្រាក់។ បុគ្គលិកនោះក៏ខ្ចប់លុយ១កញ្ចប់ពុំដឹងប៉ុន្មានហុចឲ្យ Diana នាងក៏រត់ចេញពីធនាគារ ហើយចូលក្នុងតាក់ស៊ី កំពុងរង់ចាំចាកចេញទៅ។
ប៉ុន្តែសំណាងរបស់ Diana ពុំបានអូសបន្លាយយូរប៉ុន្មានទេ ប៉ូលិសបានប្រដេញតាមតម្រុយនៃរថយន្តតាក់ស៊ី រួចវាយខ្នោះ។
ក្រៅពី Diana ប៉ូលិសក៏បានឃើញកូនស្រីវ័យ៦ឆ្នាំ របស់នាងស្ថិតក្នុងរថយន្ត “រង់ចាំ” ម្តាយចូលប្លន់ធនាគារ។
Diana បានរងការចោទប្រកាន់ពីបទប្លន់ និងបង្កគ្រោះថ្នាក់ឲ្យក្មេងតូច។ បច្ចុប្បន្ននាងត្រូវបានឃុំឃាំងរង់ចាំការកាត់ក្តី រីឯកូនស្រីត្រូវបានប្រគល់ឲ្យសាច់ញាតិគ្រប់គ្រង។
អាវុធប្លន់របស់ Diana ពិតជា “ចម្លែក” ព្រោះវាជាដុំស្ករសូកូឡា ស្រោបស្បោងនីឡុង បន្លំធ្វើជាកាំភ្លើង៕ ដោយ ៖ សូយន