ព្រឹត្តិប័ត្រព័ត៌មានប្រចាំថ្ងៃ Asahi របស់ជប៉ុន នៅថ្ងៃទី ១៨ ខែមេសា បានទម្លាយចេញព័តមានពីជំនួបកំពូលចិន-កូរ៉េខាងជើង ដែលប្រព្រឹត្តទៅក្រុងប៉េកាំងកាលពីខែមុនឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានស្នើសុំប្រធានរដ្ឋចិនស៊ី ជិនពៀន ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្រង់ទ្រាយធំមួយ។ តាមនោះលោកគីម ជុងអ៊ុន បានស្នើសុំដល់ក្រុងប៉េកាំងឲ្យជួយគាំទ្រ ធានាសន្តិសុខដល់កូរ៉េខាងជើង កាត់បន្ថយសម្ពាធយោធាមុនជំនួបកំពូលជាមួយក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ជុំវិញបញ្ហាឧបទ្វីបកូរ៉េដែលពុំមាននុយក្លេអ៊ែរ ។
មេដឹកនាំចិន ស៊ី ជិនពៀន និងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន
តាម Asahi ថ្វីត្បិតគេពុំដឹងអំពីខ្លឹមសារលំអិតនៃសំណើរនេះក្តី ប៉ុន្តែគេទទួលបានព័ត៌មានពីកម្មវត្ថុនៃសំណើរសុំសហប្រតិបត្តិការនេះរួមមាន ៖ ដំណើរការកសាងតំបន់សេដ្ឋកិច្ចពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនចិន-កូរ៉េខាងជើង ហើយនេះជាផែនការមួយធ្លាប់មានពីមុនមក។
ព្រឹត្តិប័ត្រខាងលើបានវិភាគបន្ថែមថា ៖ ខណៈពេលក្រុងព្យុងយ៉ាងកំពុងរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់សហគមន៍អន្តរជាតិ នោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិន គឺជារឿងដ៏សំខាន់របស់ប្រទេសនេះ ។ ទោះយ៉ាងណាក្រុងប៉េកាំង ប្រហែលជាពិបាកនឹងទទួលយកសំណើរនេះ ដោយហេតុថា បច្ចុប្បន្ន ក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណើរការដាក់ ទណ្ឌកម្មរបស់អន្តរជាតិ ។ ហេតុនេះ ប្រសិនបើចិនយល់ព្រមមានន័យថា ប្រឆាំងជាមួយនឹងយន្តការដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្ន ៕