នេះជារឿងដ៏ហួសចិត្តខ្លាំងណាស់ នៅពេលដែលបានដឹងថា គ្រួសារមួយញ៉ាំអាហារចូលជិត១ម៉ោងទៅហើយ ទើបសុំបញ្ចុះតម្លៃ ហើយនៅពេលភោជនីយដ្ឋានបដិសេធ ព្រោះគ្រួសារនេះបានញ៉ាំអាហារអស់ច្រើនទៅហើយ ស្រាប់តែស្រ្តីជាប្រពន្ធបាននិយាយបែបនេះថា ប្តីខ្លួនមិនបានញ៉ាំសាច់គោ បើទោះជាពួកគេបានកុម្ម៉ង់សាច់គោច្រើនមុខរួចហើយៗ បន្ទាប់មក ក៏បានគេចខ្លួនបាត់ស្រមោលតែម្តង ដោយពុំបានបង់ថ្លៃអាហារគ្រប់ចំនួននោះទេ។
ភោជនីយដ្ឋានប៊ូហ្វេ ដែលមានទីតាំងនៅផ្សារទំនើបមួយកន្លែង ក្នុងខេត្តឈុនបុរី បានបង្ហោះតាមអ៊ីនធឺណិតសុំឲ្យគ្រួសារចេញថ្លៃអាហារ ជាមួយវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញស្រ្តីជាប្រពន្ធ ពេលដើរមកសុំបញ្ចុះតម្លៃ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
សារបង្ហោះបានសរសេរថា “តើអតិថិជនអាចត្រឡប់ និងបង់វិក្កយបត្របានទេ សូមមេត្តា។ ថ្ងៃនេះ មានគ្រួសារមួយមានគ្នា៣នាក់ ក្នុងនោះមានមនុស្សធំ២នាក់ និងក្មេង១នាក់។ គ្រួសារនោះបានជ្រើសរើសអាហារប៊ូហ្វេ ៦៩៩ បាត សម្រាប់មនុស្សម្នាក់។ ពួកគេបានកុម្ម៉ង់សាច់គោជាច្រើនឈុត និងគ្រឿងសមុទ្រជាច្រើន។ បន្ទាប់ពីញ៉ាំបានប្រហែល ៥០ នាទី អតិថិជនម្នាក់បានជូនដំណឹងដល់បុគ្គលិកម្នាក់ ដោយប្រាប់ថា ប្តីបរទេសរបស់នាងមិនបានញ៉ាំសាច់គោទេ។ ដោយសារតែបែបនេះហើយ ទើបនាងចង់សុំបញ្ចុះតម្លៃមកត្រឹម ៣៩៩ បាតក្នុងម្នាក់។ បុគ្គលិកយើងបានប្រាប់ស្ត្រីរូបនោះថា ដោយសារពួកគេបានហូបអាហារនៅខាងក្នុងអស់ជិត១ម៉ោងទៅហើយ ដូច្នេះតម្លៃមិនអាចផ្លាស់ប្តូរបានឡើយ។ អតិថិជនមិនពេញចិត្តទេ ដូច្នេះ បុគ្គលិកក៏បានស្នើឱ្យគិតថ្លៃអាហារទៅតាមមុខម្ហូបនីមួយៗដែលបានកុម្ម៉ង់។
វិក្កយបត្រសរុបរហូតដល់ ១,០៦០ បាត ហើយយើងមិនបានគិតប្រាក់នាងសម្រាប់មុខម្ហូបផ្សេងទៀត រួមទាំងអាហារសម្រន់ និងចានសាច់ជ្រូកផងដែរ។ អតិថិជនមិនសប្បាយចិត្តទេ ហើយបានបង់ប្រាក់ត្រឹមតែ ៥០០ បាតប៉ុណ្ណោះ មុនពេលដើរចេញបាត់ទៅ។
ការបង្ហោះនេះបានរីករាលដាលយ៉ាងលឿន ហើយមតិអ្នកលេងអ៊ីនធឺណិតចំនួនបានរិះគន់ និងសួរបែបនេះថា “អ្នកចំណាយពេល ៥០ នាទី អង្គុយក្នុងភោជនីយដ្ឋាន តើអ្នកពិតជាមិនបរិភោគសាច់គោមែនទេ?”, “កូនប្រុសធំហើយ ប៉ុន្តែនាងមិនដឹងថាប្តីរបស់នាងមិនបានញ៉ាំសាច់គោទេឬ?”។ រីឯអ្នកខ្លះទៀត ដាក់ឲ្យបែបនេះថា “អត់ញ៉ាំអីទៀតមុនសុំបញ្ចុះតម្លៃ គួរឲ្យខ្ពើមណាស់!” “មិនខ្មាសគេទេឬនាង?” “ទោះបីជាពួកគេពាក់ម៉ាស មិត្តភ័ក្តិ និងក្រុមគ្រួសារប្រាកដជាស្គាល់ពួកគេហើយ” “អូហ៍ ប្រហែលពួកគេមកញ៉ាំ មានលុយតែ 500 បាត” “ខ្ញុំឆ្ងល់ថាតើពួកគេបានធ្វើបែបនេះប៉ុន្មានដងហើយ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង